Skip to content

សាលា​រាជធានី​បង្កើត​លេខ​ទូរស័ព្ទ​ថ្មី​សម្រាប់​ផ្តល់ព័ត៌មាន​ហេតុការណ៍​បន្ទាន់

ភ្នំពេញ៖ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ 24ម៉ោង​លើ 24ម៉ោង ពិសេស​ក្នុងឱកាស​បុណ្យអុំទូក​ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃស្អែក​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​លេខ​ទូរស័ព្ទ​ថ្មី​ចំនួន​មួយ​ខ្សែ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​អំពី​ហេតុការណ៍​មិន​ប្រក្រតី​ណាមួយ ដែល​កើតឡើង​ជុំវិញខ្លួន។

ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​ពង្រីក​ព្រំប្រទល់​រដ្ឋបាល​ពី 375គីឡូម៉ែត្រ​ការ៉េ​រហូតដល់ 692.64 គីឡូម៉ែត្រ​ការ៉េ ជាហេតុ​ធ្វើឱ្យ​វិសាលភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការទទួល​ពាក្យបណ្តឹង សំណូមពរ និង​តម្រូវ​ការចាំបាច់​ចំពោះមុខ​ដែល​កើតមានឡើង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ​ជុំវិញ និង​ជាយ​រាជធានី​ភ្នំពេញ​ដែល​នៅ​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ។

ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​នូវ​បញ្ហា​ចាំបាច់​នានា ពិសេស​សម្រាប់​ព័ត៌មាន​ទាន់​ហេតុការណ៍​ងាយស្រួល​ក្នុងការ​ដោះស្រាយ​សភាពការណ៍​ដែល​កើតមានបន្ទាន់ៗ ទាក់ទង​នឹង​អំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរ​គ្រឿងញៀន សណ្តាប់ធ្នាប់​ចរាចរណ៍ សណ្តាប់ធ្នាប់​សាធារណៈ បាតុភាព​នានា និង​សំណូមពរ​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឬ​សង្គ្រោះ ព្រមទាំង​សុវត្ថិភាព​សង្គម​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​បាន​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ខ្សែ​ដែលមាន​លេខ 1299 សម្រាប់​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ដែល​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ទូរស័ព្ទ​មួយ​ខ្សែ​នេះ​មិនមាន​ការបង់ប្រាក់​នៅពេល​ធ្វើការ​ទំនាក់ទំនង​ហៅចូល​ពី​គ្រប់​ប្រព័ន្ធ​នោះទេ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹងចូលរួម​ផ្តល់ព័ត៌មាន​ទាន់​ហេតុការណ៍ 24ម៉ោង​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។ សេចក្តីជូនដំណឹង​នេះ បានដាក់​ឱ្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អភិបាលខណ្ឌ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *