ក្រុមហ៊ុនស្ថាបត្យកម្មល្បីឈ្មោះរបស់អង់គ្លេស Foster + Partners បានលើកឡើងគំនិតស្ដីពីរចនាសម្ព័ន្ធយន្តហោះថ្មីសម្រាប់មធ្យោបាយធ្វើដំណើរដែលហោះឡើង និងចុះចតបញ្ឈរត្រង់។
ក្រុមហ៊ុនខាងលើបានឱ្យដឹងថា ព្រលានយន្តហោះថ្មីនេះនឹងតភ្ជាប់បណ្ដាទីតាំងល្បីៗរបស់ឌូបៃ និងផ្ដល់សេវាកម្មផ្លាស់ទីក្នុងល្បឿនលឿន មិនបញ្ចេញឧស្ម័នពុល។ ស្ថាបត្យកម្មនេះត្រូវបានអភិវឌ្ឍដោយមានកិច្ចសហការរបស់ក្រុមហ៊ុន Skyports Infrastructure ហើយព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជាព្រះរាជារបស់រាជាណាចក្រឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏បានអនុម័តរួចរាល់។ ព្រលានយន្តហោះថ្មីនេះ តាមគម្រោងនឹងស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិឌូបៃ (DXB) ដែលតភ្ជាប់ជាមួយនឹងបណ្ដាញអាកាសយានដ្ឋានបច្ចុប្បន្ន ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូននានា។
គំនូរប្លង់បង្ហាញថា ព្រលានយន្តហោះនេះស្ថិតលើផ្ទៃរាបនៅទីខ្ពស់ បង្កលក្ខណៈងាយស្រួលសម្រាប់ការហោះឡើង និងចុះចត។ អគារនានាស្ថិតនៅជុំវិញព្រលានយន្តហោះដែលតភ្ជាប់ជាមួយនឹងបន្ទប់រង់ចាំសម្រាប់អ្នកដំណើរ ព្រមទាំងអាចឱ្យអ្នកដំណើរមើលឃើញទិដ្ឋភាពដ៏អស្ចារ្យរបស់បណ្ដាយន្តហោះ និងទីក្រុងទាំងមូល។ Foster + Partners ក៏ជ្រើសរើសពណ៌យ៉ាងសមស្រប និងវត្ថុធាតុធម្មជាតិសម្រាប់ផ្នែកខាងក្នុងអាកាសយានដ្ឋាន បង្កើតបានជាបរិយាកាសធូរស្រាល និងបរិស្ថានស្និទ្ធស្នាលនឹងធម្មជាតិ។
កាលពីខែកុម្ភៈ ក្សត្រារបស់រាជាណាចក្រឌូបៃ បានប្រកាសថា ស្ថានីយតាក់ស៊ីហោះទាំងឡាយនឹងចាប់ផ្ដើមដំណើរការនៅឌូបៃ បន្ទាប់ពីរយៈពេលបីឆ្នាំទៀត។
ឌូបៃបានរៀបផែនការសម្រាប់សេវាកម្មតាក់ស៊ីហោះមិនបំភាយឧស្ម័នពុលតាំងពីយូរមកហើយ និងទទួលបានចំណាប់អារម្មណ៍ពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអត្តរជាតិផងដែរ ពិសេសគឺក្រុមហ៊ុនមកពីប្រទេសចិន៕