កីឡាការិនីតៃក្វាន់ដូកូនកាត់កម្ពុជា-អាម៉េរិកាំង របស់ក្រុមជម្រើសជាតិកម្ពុជា កញ្ញា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) មានមហិច្ឆតា «ប្ដូរពណ៌» មេដាយនៅពេលចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កញ្ញា ថិប កាសាន់ទ្រីនីកូល ឬហៅក្រៅថា ខេស៊ី (Cassie) កើតឆ្នាំ 1999 នៅសហរដ្ឋអាម៉េរិក។ កញ្ញា ខេស៊ី មានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាម៉េរិកាំង។ ខេស៊ី ប្រកួតក្នុងប្រភេទទម្ងន់ 55 គីឡូក្រាម, 59 គីឡូក្រាម និង 62 គីឡូក្រាម។
ខេស៊ី ចូលរួមប្រកួតបាន 31 លើក ក្នុងនោះ បានឈ្នះ 19 លើក ស្មើនឹង 61.3%។ ក្នុងរូបថតខាងក្រោម ខេស៊ី បង្ហាញមេដាយសំរឹទ្ធប្រភេទទម្ងន់ 62 គីឡូក្រាម ដែលដណ្ដើមបាននៅក្នុងការប្រកួតតេក្វាន់ដូបើកទូលាយកូស្តារីកាឆ្នាំ 2020។
ឪពុករបស់ ខេស៊ី លោក Greg Tubbs គឺជាគ្រូបង្វឹករបស់នាង។ បុរសជាអ្នកគុននិយមរូបនេះបានចាប់ផ្ដើមកំណត់គោលដៅ និងជួយឱ្យ ខេស៊ី បានចូលក្នុងវិស័យក្បាច់គុនតៃក្វាន់ដូតាំងពីនាងមានអាយុ 11 ឆ្នាំ។ ក្រោយមក ខេស៊ី ក៏បានជ្រើសរើសស្រុកកំណើតរបស់ម្ដាយនាងដើម្បីចូលរួមប្រកួតឱ្យក្រុមតៃក្វាន់ដូជម្រើសជាតិកម្ពុជា។
ខេស៊ី ចូលរួមប្រកួតនៅស៊ីហ្គេមបានបីលើក គឺនៅក្នុងឆ្នាំ 2017, 2019 និង 2022។ ស៊ីហ្គេមនៅលើទឹកដីម៉ាឡេស៊ី ខេស៊ី ដណ្ដើមបានមេដាយសំរឹទ្ធក្នុងប្រភេទទម្ងន់ 57 គីឡូក្រាម។
នៅស៊ីហ្គេម 2019 ខេស៊ី ដណ្ដើមបានមេដាយប្រាក់ក្នុងប្រភេទទម្ងន់ 62 គីឡូក្រាម។ ស៊ីហ្គេមលើកទី 31 ខេស៊ី ដណ្ដើមបានមេដាយសំរឹទ្ធប្រភេទទម្ងន់ 62 គីឡូក្រាម។
នៅស៊ីហ្គេមលើកទី 32 ដែលធ្វើឡើងលើទឹកដីស្រុកកំណើតរបស់ម្ដាយ ខេស៊ី ប្ដេជ្ញាដណ្ដើមឱ្យបានមេដាយល្អជាងមុន។ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ក្នុងស្រុកកាលពីថ្ងៃទី 01 មេសា 2023 ខេស៊ី ដណ្ដើមបានមេដាយមាស។
វិញ្ញាសាតៃក្វាន់ដូនៅស៊ីហ្គេមលើកទី 32 នឹងប្រកួតចាប់ពីថ្ងៃទី 12 ដល់ 16 ឧសភា 2023។ ពលរដ្ឋកម្ពុជាកំពុងតែមានក្ដីសង្ឃឹមលើកីឡាការិនីកូនកាត់រូបនេះ៕
ខេស៊ី (រូបឆ្វេងបង្អស់)
ខេស៊ី និងមិត្តប្រុសនៅសហរដ្ឋអាម៉េរិក