ក្រុមហ៊ុនផលិតរថយន្តចិន Changan Automobile បានជ្រើសរើសប្រទេសថៃជាកន្លែងសម្រាប់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅខាងក្រៅប្រទេសចិន។
Changan នឹងវិនិយោគ 9.8 ពាន់លានបាត (285 លានដុល្លារអាម៉េរិក) ដើម្បីសាងសង់រោងចក្រដែលអាចផលិតរថយន្តអគ្គិសនីបាន 100,000 គ្រឿងក្នុងដំណាក់កាលដំបូង។ រថយន្តអគ្គិសនីដែលផលិតក្នុងរោងចក្រនេះនឹងត្រូវបានលក់ក្នុងប្រទេសថៃ និងនាំចេញទៅកាន់ប្រទេសដទៃនៅអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អូស្ត្រាលី នូវែលសេឡង់ អង់គ្លេស និងអាហ្វ្រិកខាងត្បូង។
រោងចក្ររបស់ Changan នៅប្រទេសថៃ នឹងផលិតរថយន្តដើរដោយថាមពលអគ្គិសនី រថយន្តកូនកាត់សាំង-អគ្គិសនី រួមនឹងប្រភេទថ្មផ្ទុកថាមពលសម្រាប់ប្រភេទរថយន្តទាំងនេះ។
ខ្ទង់វិនិយោគខាងលើនេះគឺជាផ្នែកមួយនៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ពិភពលោក។ កន្លងមក អាជ្ញាធរថៃបានអនុម័តគម្រោងផលិតរថយន្តអគ្គិសនីចំនួន 26 គម្រោងរួចហើយនៅទូទាំងប្រទេស ខណៈការវិនិយោគបន្ទាប់គ្រោងនឹងត្រូវបានប្រកាសឆាប់ៗនេះ។
Changan គឺជាអ្នកផលិតរថយន្តធំជាងគេលំដាប់ទីបួននៅប្រទេសចិន។ ក្នុងឆ្នាំ 2022 ក្រុមហ៊ុននេះលក់រថយន្តបានពីរលានគ្រឿង។ ទាំង Ford និង Mazda សុទ្ធតែបាន និងកំពុងសហការជាមួយ Changan ដើម្បីផលិតរថយន្តសម្រាប់ទីផ្សារចិន។