កប៉ាល់ Harzand មានបណ្ដោយ 230 ម៉ែត្រ អាចផ្ទុកឧស្ម័នរាវបាន 93,000 ម៉ែត្រគូប ត្រូវបានប្រគល់ជូនក្រុមហ៊ុនមួយរបស់សិង្ហបុរីកាលពីថ្ងៃពុធកន្លង។
កប៉ាល់ដឹកឧស្ម័នរាវធំជាងគេបង្អស់លើពិភពលោក ដែលអាចដឹកឧស្ម័នរាវបានរហូតដល់ 93,000 ម៉ែត្រគូប ត្រូវបានប្រគល់ជូនក្រុមហ៊ុន Singapore Petredec នៅសៀងហៃ ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី 26 មេសា 2023 នេះបើតាម CCTV ។
កប៉ាល់ Harzand ដែលមានបណ្ដោយ 230 ម៉ែត្រ ទទឹង 36.6 ម៉ែត្រ ត្រូវបានអភិវឌ្ឍ និងផលិតដោយក្រុមហ៊ុនសាងសង់កប៉ាល់ Jiangnan Shipyard នៅប្រទេសចិន។
កប៉ាល់នេះអាចបើកបរក្នុងល្បឿន 30.5 គីឡូម៉ែត្រ/ម៉ោង ដោយប្រើឧស្ម័នធម្មជាតិរាវ និងប្រេងឥន្ធនៈធម្មតា។ Harzard អាចធ្វើដំណើរបានចម្ងាយ 42,600 គីឡូម៉ែត្រ មុននឹងអស់ប្រេងឥន្ធនៈ។
«ដើម្បីសាងសង់កប៉ាល់នេះ យើងបានប្រើប្រាស់ដែកថែបសម្រាប់សីតុណ្ហភាពទាប ចំនួនជាង 10,000 តោន ដែលស្មើនឹង 1/3 នៃកប៉ាល់ទាំងមូល» លោក Hu Keyi ប្រធានក្រុមប្រឹក្សាបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់ក្រុមហ៊ុនសាងសង់កប៉ាល់ Jiangnan ឱ្យដឹងដូច្នេះ។
យោងតាមលោក Hu ការប្រើប្រាស់ដែកថែបប្រភេទនេះជួយកាត់បន្ថយការចំណាយសម្រាប់ការផលិត និងងាយស្រួលក្នងការរកទិញ ព្រោះវាត្រូវបានផលិតក្នុងស្រុក។
កប៉ាល់ Harzand មានបណ្ដោយ 230 ម៉ែត្រ ទទឹង 36.6 ម៉ែត្រ អាចដឹកឧស្ម័នរាវបាន 93,000 ម៉ែត្រគូប
លោក Wei Xiaoyong ប្រធានផ្នែកផលិតកម្មបញ្ជាក់ថា ដើម្បីអាចឱ្យកប៉ាល់ Harzand ដំណើរការបានភ្លាមបន្ទាប់ពីបានប្រគល់ ក្រុមហ៊ុនផលិតបានធ្វើការសាកល្បងដំណើរការគ្រប់យ៉ាងនៅលើកប៉ាល់ ក៏ដូចជាការបើកបរលើសមុទ្រនៅក្នុងពេលតែមួយ។
បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កប៉ាល់ Jiangnan កាន់កាប់ចំណែកទីផ្សារសកលជិត 25% នៅក្នុងវិស័យសាងសង់កប៉ាល់ដឹកឧស្ម័នរាវខ្នាតធំ៕