ក្រុមហ៊ុន Orbit Fab កំណត់គោលដៅសាងសង់ស្ថានីយឥន្ធនៈអវកាសជាច្រើនកន្លែង ដោយសង្ឃឹមថា បច្ចេកវិទ្យាចាក់សាំងក្នុងទីអវកាសនឹងជួយជំរុញវិស័យផ្កាយរណបឱ្យរីកចម្រើនជាងមុន។
ផ្ទាំងសូឡាដែលបំពាក់លើផ្កាយរណបអាចបង្កើតអគ្គិសនីសម្រាប់កាមេរ៉ា ឬវិទ្យុ ប៉ុន្តែមិនអាចជួយផ្កាយរណប កែប្រែគន្លងគោចរ នេះបើតាម Daniel Faber សហស្ថាបនិកដែលបានបង្កើតក្រុមហ៊ុន Orbit Fab កាលពីឆ្នាំ 2018។ ដើម្បីឱ្យផ្កាយរណបហោះហើរចំគន្លងគោចរ ក្រុមអ្នកជំនាញត្រូវប្រើប្រាស់ឥន្ធនៈដើម្បីកែប្រែទីតាំងរបស់ពួកវា។ ដូច្នេះ អាយុកាលរបស់ផ្កាយរណបក៏ត្រូវបានកំណត់ដោយបរិមាណឥន្ធនៈដែលអ្នកវិទ្យាសាស្ត្របានបំពាក់ឱ្យពួកវានៅមុនពេលបាញ់បង្ហោះ។
យោងតាម AFP ចុះផ្សាយកាលពីថ្ងៃទី 27 មេសា ក្រុមហ៊ុន Orbit Fab មានផែនការបាញ់បង្ហោះអាងធំៗឡើងទៅកាន់គន្លងតារាវិថី ក្នុងនោះ អាងនីមួយៗមានឥន្ធនៈរាប់តោន។ ក្រោយមក យានតូចៗ និងងាយស្រួលបញ្ជានឹងផ្លាស់ទីទៅមករវាងអាងផ្ទុកឥន្ធនៈ និងផ្កាយរណបដើម្បីចាក់ប្រេង។
ដូចទៅនឹងរថយន្ត ផ្កាយរណបដែលចង់ចាក់ប្រេងបន្ថែមពី Orbit Fab គឺត្រូវតែមានប្រព័ន្ធចាក់ប្រេងសមស្រប។ Faber បានឱ្យដឹងថា ផ្កាយរណបប្រហែលពី 200 ទៅ 250 គ្រឿង ត្រូវបានរចនាដើម្បីអាចប្រើប្រាស់បណ្ដាញស្ថានីយប្រេងអវកាសរបស់ Orbit Fab ។ នេះគឺជាទីផ្សារដ៏មានសក្ដានុពល ព្រោះថា មានផ្កាយរណបរហូតដល់ 24,500 គ្រឿងគ្រោងនឹងត្រូវបាញ់បង្ហោះចន្លោះពីឆ្នាំ 2022 ដល់ 2030។
Orbit Fab បានបាញ់បង្ហោះអាងផ្ទុកឥន្ធនៈមួយឡើងទៅកាន់គន្លងគោចរ ហើយគ្រោងនឹងធ្វើតេស្តលើការចាក់ប្រេងនាពេលខាងមុខ។
ផលប្រយោជន៍នៃការចាក់ប្រេងក្នុងទីអវកាសគឺការកាត់បន្ថយទម្ងន់របស់ផ្កាយរណបនៅពេលបាញ់បង្ហោះដោយសារតែការកាត់បន្ថយឥន្ធនៈ និងជួយបង្កើនអាយុកាលរបស់ផ្កាយរណប់។
ក្រៅពីផ្កាយរណប Orbit Fab ក៏ឆ្ពោះទៅរកការផ្ដល់សេវាកម្មដល់បណ្ដាស្ថានីយអវកាសឯកជនផងដែរ។ ក្រុមហ៊ុនក៏យកចិត្តទុកដាក់លើទីផ្សារនៅលើផ្ទៃ និងនៅលើគន្លងតារាវិថីរបស់ព្រះចន្ទ ដោយការផ្ដោតលើការកែច្នៃវត្ថុធាតុដើមឱ្យទៅជាឥន្ធនៈ ហើយផ្គត់ផ្គង់ដល់អតិថិជន៕