ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 បានធ្វើដំណើរមកដល់កម្ពុជា នាព្រឹកថ្ងៃទី 27 ខែមេសា ឆ្នាំ2023។
បន្ទាប់ពីបានដង្ហែនៅតាមបណ្តាប្រទេសអាស៊ាន ប្រកបដោយជោគជ័យ ព្រះអគ្គិជ័យកីឡា នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ 2023 បានធ្វើដំណើរមកដល់កម្ពុជាតាមច្រកព្រំដែនអន្ដរជាតិត្រពាំងគ្រៀល-ណងណុកឃៀន នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ នាព្រឹកថ្ងៃទី 27 ខែមេសា ឆ្នាំ2023។ នេះបើតាមទំព័របណ្ដាញសង្គមផ្លូវការរបស់ គណៈកម្មការធិការជាតិ CAMSOC។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការធិការជាតិ CAMSOC រួមជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋជាច្រើន បានអញ្ជើញទទួលស្វាគមន៍ការមកដល់ព្រះអគ្គិជ័យកីឡាដោយភាពសប្បាយរីករាយ។