ខណៈមើលឃើញថា ផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវដ៏សំខាន់សម្រាប់ប្រតិភូជាតិ និងអន្ដរជាតិឆ្លងកាត់នោះ កាលពីពេលថ្មីៗនេះសាលារាជធានីភ្នំពេញបានចាត់វិធានការក្ដៅបន្ថែមទៀតលើបញ្ហាចរាចរណ៍នៅលើដងផ្លូវនេះដើម្បីឱ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងមានសណ្ដាប់ធ្នាប់ឡើង។
ដើម្បីជាមុខមាត់ប្រទេសជាតិខណៈមានប្រតិភូអន្ដរជាតិឆ្លងកាត់ផ្លូវនេះ ក៏ដូចជាចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការធ្វើអាជីវកម្មរបស់រថយន្ដឈ្នួលនៅលើផ្លូវសហព័ន្ធរុស្ស៊ី សាលារាជធានីភ្នំពេញបានដាក់កំហិតឱ្យអាជ្ញាធរចាត់វិធានការតឹងរ៉ឹងលើរថយន្ដឈ្នួលទាំងឡាយណាដែលបានយកចិញ្ចើមផ្លូវធ្វើជាចំណតរបស់ខ្លួនដើម្បីធ្វើអាជីវកម្មដែលបង្កភាពរញ៉េរញ៉ៃនៅតាមដងផ្លូវមួយនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា សាលារាជធានីភ្នំពេញនឹងពិនិត្យឡើងវិញជុំវិញបញ្ហាអាជីវកម្មរថយន្ដឈ្នួលនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីថា នឹងត្រូវរៀបចំបែបណាឱ្យម្ចាស់រថយន្ដទាំងអស់នោះត្រូវទៅរកកន្លែងចតឱ្យបានត្រឹមត្រូវ។ អាជ្ញាធរទាំងអស់មិនត្រូវសម្ងំនៅស្ងៀមទេ។ មិនតែប៉ុណ្ណោះឯកឧត្ដមបានបន្ទោសទៀតថា សព្វថ្ងៃកិច្ចការនេះធ្វើឡើងមិនខុសពីការវែកចកនោះទេ។
គួរបញ្ជាក់ថា សព្វថ្ងៃមានអ្នកធ្វើដំណើរនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីជាច្រើនតែងមានការរអ៊ូរទាំចំពោះរថយន្ដឈ្នួលដែលយកចំណីផ្លូវធ្វើជាចំណតដើម្បីចាប់ម៉ូយដែលបង្កឱ្យមានការកកស្ទះ និងបង្កភាពរញ៉េរញ៉ៃប្រសេចប្រសាច គ្មានសណ្ដាប់ធ្នាប់ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុបាន។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា៖«អាជ្ញាធរត្រូវចាត់វិធានការច្បាស់លាស់ កន្លែងណាធ្វើកំណត់ហេតុហើយ ត្រូវប្រើឡានស្ទូចយកទៅទុក បើខ្វះកន្លែងចាំរកកន្លែងបន្ដទៀត ឬត្រូវជួលដីគេក៏បាន ច្បាប់គឺច្បាប់!»៕