អ្នកគាំទ្រជាច្រើនរបស់ក្រុមបាល់ទាត់វៀតណាមជួបការលំបាកក្នុងការមកលើកទឹកចិត្តដល់កូនសិស្ស និងគ្រូបង្វឹករបស់ក្រុមបាល់ទាត់បុរសជម្រើសជាតិវៀតណាមនៅស៊ីហ្គេមលើកទី 32។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញផ្សព្វផ្សាយមួយរបស់វៀតណាម។
គេហទំព័រកីឡាមួយរបស់វៀតណាម បានសរសេរថា ការលក់សំបុត្រដោយមិនយកថ្លៃរបស់ម្ចាស់ផ្ទះកម្ពុជាសម្រាប់ស៊ីហ្គេមលើកនេះ ធ្វើឱ្យការងារបោះពុម្ព និងការបែងចែកសំបុត្រចូលទស្សនាមានការយឺតយ៉ាវ។
«U-22 វៀតណាម និង U-22 ឡាវ នឹងត្រូវប្រកួតបើកឆាករបស់ខ្លួននៅវេលាម៉ោង 19 ថ្ងៃទី 30 មេសាខាងមុខ ប៉ុន្តែមកដល់បច្ចុប្បន្ន គម្រោងចែកសំបុត្រចូលទស្សនានៅតែមិនទាន់ត្រូវបានម្ចាស់ផ្ទះកម្ពុជាប្រកាសជាផ្លូវការ» សារព័ត៌មានវៀតណាមសរសេរដូច្នេះ។
តំណាងគណៈកម្មការអូឡាំពិកវៀតណាម ឱ្យដឹងថា បានសាកសួរភាគីកម្ពុជាអំពីផែនការបែងចែកសំបុត្រអញ្ជើញ ពិសេសសម្រាប់អ្នកគាំទ្របាល់ទាត់។ ចំណែកសហព័ន្ធបាល់ទាត់វៀតណាម (VFF) វិញ និយាយថា មិនទាន់ទទួលបានសេចក្ដីជូនដំណឹងជាក់លាក់ណាមួយស្ដីពីរឿងសំបុត្រចូលទស្សនាការប្រកួតនៅថ្ងៃទី 29 មេសា រវាងវៀតណាម និងឡាវនៅឡើយ។
យោងតាមសារព័ត៌មានវៀតណាម ប្រការនេះធ្វើឱ្យអ្នកគាំទ្រវៀតណាមដែលមានផែនការមកកម្ពុជាលើកទឹកចិត្តដល់កីឡាកររបស់ពួកគេ ត្រូវជួបការលំបាក។ កម្មវិធីទូរស័ព្ទបែងចែកសំបុត្រសម្រាប់ស៊ីហ្គេមលើកទី 32 ក៏ទើបតែបង្ហាញសំបុត្រសម្រាប់ការប្រកួតចំនួនពីរនៅពូល A គឺ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ីលីពីន និង U-22 កម្ពុជា vs U-22 ទីម័រខាងកើត។