ស្ពានកោះនរា ដែលមានតម្លៃ 37 លានដុល្លារអាម៉េរិក បច្ចុប្បន្នសម្រេចការសាងសង់បាន 70% ហើយគ្រោងនឹងសាងសង់រួចរាល់នៅចុងខែវិច្ឆិកា 2023។
ស្ពានកោះនរា ដែលតភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរា ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណៈច្បារអំពៅ រាជធានីភ្នំពេញ សម្រេចការសាងសង់បាន 70% ហើយ នេះបើយោងតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ស្ពានបេតុងខ្សែកាប់ដែលមានប្រវែង 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃតី 26 តុលា 2020។ ស្ពាននេះនឹងមានតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររវាងតំបន់កោះនរា និងតំបន់កោះពេជ្រ ដោយវានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ផ្សារច្បារអំពៅបានមួយកម្រិត។