Skip to content

អ្នក​ប្រកប​អាជីវកម្ម​ដំណាំ​កៅស៊ូ​ចង់បាន​គោលនយោបាយ​កៅស៊ូ

តម្លៃ​ជ័រកៅស៊ូ​នៅតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយសារ​តម្លៃ​របស់​វា​បាន​ប្រែប្រួល​ជា​ញឹកញាប់​ស្ទើរ​រាល់​សប្តាហ៍ ខណៈដែល​អ្នក​ប្រកប​របរ​ដាំ​ដុះ​កៅស៊ូ បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​បង្កើត​គោលនយោបាយ​កៅស៊ូ ដើម្បី​ទទួលបាន​ការលើកទឹកចិត្តផ្សេង។

អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​កសិឧស្សាហកម្ម (កៅស៊ូ) នេះ បានចាត់ទុក​ស្ថានភាព​កៅស៊ូ​នៅ​កម្ពុជា​ថា គួរតែ​ដល់​ដំណាក់កាល​មួយ​ត្រូវ​ស្រោចស្រង់ ដោយសារ​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ គ្មាន​លំនឹង ព្រមទាំង​ជាប់ពន្ធ​ទៀតផង។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​អ្នកវិនិយោគ​លើ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា បាន​លើកឡើងថា នៅក្នុង​សប្តាហ៍​កន្លងទៅ តម្លៃ​កៅស៊ូ​ក្រែប​ស្ថិតក្នុង​រង្វង់1,400ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន។ តម្លៃ​នេះ មិនបាន​រួមចំណែក​ដ​ល់អ្ន​កដាំ​ដុះ​កៅស៊ូ​ឱ្យ​ស្រឡាញ់​មុខរបរ​នេះ​ទេ ដោយ​កន្លងមក​មាន​អ្នកខ្លះ​ទុក​កៅស៊ូ​ចោល​មិន​ព្រម​ចៀរ​ជ័រ បើទោះបី​កៅស៊ូ​របស់ខ្លួន​ដល់​អាយុកាល​ត្រូវ​ប្រមូល​ផល​ជ័រ​ក៏ដោយ។

ឧកញ៉ា​អះអាងថា៖“យើង​ចង់បាន​គោលនយោបាយ​កៅស៊ូ ដែលមាន​លក្ខណៈ​លើកទឹកចិត្ត​ដល់​អ្នក​ដាំ​ដុះ និង​ការលើកលែង​ពន្ធ​នានា ក្នុងស្ថានភាព​កៅស៊ូ​លំបាក។ យើង​ឃើញ​គោលនយោបាយ​ស្រូវ​អង្ករ​ទទួលបាន​ការចាប់​អារម្មណ៍ និង​អ្នកចូលរួម​ច្រើន ដោយសារ​វិស័យ​ស្រូវ​អង្ករ​ទទួលបាន​ការលើក​ទឹកចិត្ត​ច្រើន។

លោក​ឧកញ៉ា បាន​បន្តថា ប្រទេសជិតខាង​កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​វិស័យនេះ តែ​កម្ពុជា​នៅ​មិនទាន់​រៀបចំ​ឱ្យមាន​គោលនយោបាយ​មួយ​សមស្រប ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ និង​អ្នក​ប្រកប​អាជីវកម្ម​កៅស៊ូ​នៅឡើយ​ទេ បើទោះបី​កម្ពុជា​ទទួលបាន​ការវិនិយោគ​យ៉ាងច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​ការដាំដុះ​ជា​លក្ខណៈ​គ្រួសារ នៅពេល​កៅស៊ូ​មាន​ហាងឆេង​ល្អ​ក៏ដោយ។

កាលពី​ខែវិច្ឆិកា ឆ្នាំ2016 ជ័រកៅស៊ូ​ក្រែប មានតម្លៃ​ជាង1,500ដុល្លារ​ក្នុង​មួយ​តោន។ ជាទូទៅ​កៅស៊ូ​នៅ​កម្ពុជា មានតម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​អន្តរជាតិ​ប្រមាណ300ដុល្លារ​ក្នុង​មួយ​តោន។

ទោះបីយ៉ាងណា តម្លៃ​កៅស៊ូ​នាពេលនេះ​ហាក់​មាន​ភាពល្អប្រសើរ​ជាង​ដើមឆ្នាំ2016 ដែលមាន​តម្លៃ​ប្រហែល1,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន ហើយ​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យនេះ​បាន​តវ៉ា​ឱ្យមាន​ការលើកលែង​ពន្ធ​នាំចេញ។

របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា នៅ​ឆ្នាំ2015 ផ្ទៃដី​កៅស៊ូ​នៅ​កម្ពុ​ជាមាន​សរុប 388,955ហិកតា ដោយ​កើនឡើង8.7%បើ​ធៀប​នឹង​ឆ្នាំ2014។ ផ្ទៃដី​កៅស៊ូ​ទាំងនោះ​ចែកជា​ពីរ​ផ្នែក គឺ​ផ្ទៃដី​ក្រុមហ៊ុន ដែលមាន61.47% និង​កៅស៊ូ​គ្រួសារ​មាន​ប្រមាណ38.53%។ ក្នុងនោះ​ផ្ទៃដី​កៅស៊ូ​ចៀរ​ជ័រ​អនុវត្តបាន​ប្រមាណ111,232ហិកតា នៅក្នុង​ឆ្នាំ2015 គឺ​កើនឡើង22.84%។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់ថា ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​អាចមាន40ម៉ឺន​ហិកតា​នាពេល​បច្ចុប្បន្ន ហើយ 30%ផ្ទៃដី​នោះ​ជា​កៅស៊ូ​ដែល​ដល់​វ័យ​ចៀរ​ជ័រ​បាន។

តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​ពី​ប្រមាណ​ជិត5,000ដុល្លារ​ក្នុង1តោន កាល​ឆ្នាំ2010 និង​ឆ្នាំ2011 មក​នៅត្រឹម​ជាង1.000ដុល្លារ​ប៉ុណ្ណោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

អ្នកយកព័ត៌មាន​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ព្យាយាម​ទំនាក់ទំនង ឯកឧត្តម ផុល សុ​ផា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​កម្ពុជា ប៉ុន្តែ​មិនទាន់​ទទួលបាន​ការឆ្លើយតប៕

Leave a Reply

Your email address will not be published. Required fields are marked *