Skip to content

CBC៖ របាយការណ៍​ជាង 13លាន​ត្រូវបានធ្វើ​ចាប់តាំងពី​ឆ្នាំ2012

ការិយាល័យ​ឥណទាន​កម្ពុជា ដែល​ហៅ​កាត់​ថា (CBC) ដែល​គេ​ដឹងថា​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ឥណទាន កម្ចី​អតិថិជន ឬ​កម្ចី​បុគ្គល​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា បានឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ2012 រហូតដល់​បច្ចុប្បន្ន​មាន​របាយការណ៍​ជាង13លាន​ត្រូវបាន​ស្ថាប័ន​របស់ខ្លួន​រៀបចំ​ដើម្បី​ផ្តល់ព័ត៌មាន​បង្ការ​ការ​ពារ​ការផ្តល់​កម្ចី​វ័ណ្ឌក​កើតឡើង។

ក្នុងឱកាស​ប្រារព្ធ​ខួប 5ឆ្នាំ​នៃ​ការធ្វើ​ប្រតិបត្តិការ​ផ្តល់ព័ត៌មាន​ឥណទាន​នៅ​កម្ពុជា លោក អឿ សុធា​រ័ត្ន​ប្រធានការិយាល័យ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CBC បានឱ្យដឹងថា ចាប់តាំងពី​បង្កើត​មកទល់​បច្ចុប្បន្ន ការិយាល័យ​ឥណទាន​កម្ពុជា បាន​ប្រមូល​ទិន្នន័យ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​ដើម្បី​ផ្តល់ព័ត៌មាន​ឥណទាន​ដែល​ពេញលេញ អាច​ជឿ​ទុកចិត្តបាន​នៅ​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់ថា៖“ទិន្នន័យ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​របាយការណ៍​ឥណទាន​បុគ្គល របាយការណ៍​ព័ត៌មាន​ឥណទាន​សាធារណៈ និង​សេវាកម្ម​ព័ត៌មាន​ហិរញ្ញវត្ថុផ្សេងៗទៀត​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។

ដោយសារ CBC ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ក្នុងការ​ផ្តល់ព័ត៌មាន​ពោរពេញ​ដោយ​ភាពជឿ​ទុកចិត្តបាន​លើ​ទីផ្សារ​ឥណទាន​កម្ពុជា ដូច្នេះហើយ​វា​បាន​បង្ក​នូវ​ភាពងាយស្រួល​ដល់​វិនិយោគិន​ក្នុង​ការចូល​មកកាន់​ទី​ផ្សារ​កម្ពុជា ដោយ​អាចធ្វើ​ការប្រឹក្សា​នូវ​របាយការណ៍​ព័ត៌មាន​ឥណទាន​សាធារណៈ ឬ​ធ្វើការ​ស្នើសុំ​របាយការណ៍​ដោយផ្ទាល់​តាមរយៈ​ទិន្ន័យ​របស់​ក្រុមហ៊ុន CBC។

លោក​បាន​លើកឡើងថា ក្រុមហ៊ុន​បានធ្វើ​សកម្មភាព​របស់ខ្លួន ដោយ​ជួយ​ជំ​រុញឱ្យ​ប្រទេស​កម្ពុជា ទទួលបាន​ចំណាត់ថ្នាក់​កាន់តែ​ប្រសើរឡើង​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារពិភពលោក ស្តីពី​ភាពងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ ដែល​ធ្វើឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ល្អ​បំផុត​ទី7 នៅលើ​ពិភពលោក ចំពោះ​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ឥណទាន ដោយ​ពិន្ទុ​ប្រទេសនីមួយៗត្រូវបាន​គណនា​តាម​លក្ខណៈវិនិច្ឆ័យ​ជាច្រើន រួមមាន​ការបង្កើត​ការិយាល័យ​ឥណទាន និង​អនុលោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ។

ការិយាល័យ​ឥណទាន មិនមែន​មាន​នៅតែ​ប្រទេស​កម្ពុជា​នោះទេ គឺ​ភាគច្រើន​មាននៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដូចជា សិង្ហ​បុរី ជប៉ុន អាមេរិក និង​អឺរ៉ុប ហើយ​ដោយឡែក​ការិយាល័យ​ឥណទាន​កម្ពុជា​ទទួលបាន​ការកោតសរសើរ និង​ទទួលស្គាល់ថា​ជា​គំរូ​ជោគជ័យ។ លោក សុធា​រ័ត្ន បន្ថែមថា៖“យើង​មាន​មោទនភាព​ចំពោះ​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។

ក្រោម​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាង140 នៅ​កម្ពុជា ក្រុមហ៊ុន CBC គឺជា​ស្ថាប័ន​ធ្វើការ​លើ​ការប្រមូល​ទិន្នន័យ​ពី​បណ្តា​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​ប្រតិបត្តិ​ករ​ឥណទាន​ទាំងអស់។ នៅពេល​ទិន្នន័យ​ប្រមូល​រួចរាល់ CBC ធ្វើការ​វិភាគ និង​ចងក្រង​ទិន្នន័យ​ទាំងនោះ​ទុក​ដើម្បី​ផ្តល់​ជា​ចក្ខុវិស័យ​ច្បាស់លាស់ និង​មាន​តម្លាភាព​អំពី​ប្រវត្តិ​ឥណទាន​របស់​ស្ថាប័ន​ទាំងនោះ។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន CBC បានធ្វើ​របាយការណ៍​ជាង13លាន​ចាប់ពី​ឆ្នាំ 2012 មក។ ផ្អែកលើ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ស្ថាប័នហិរញ្ញវត្ថុនីមួយៗ បាន​ជួយ​ឱ្យ CBC មាន​ទិន្ន័យ​ជា​រួមមួយ​ដើម្បី​អាច​យល់​កាន់តែច្បាស់​ពី​ស្ថានភាព​ឥណទាន​ជា​សកល​របស់​បុគ្គល​ម្នាក់។ សម្រាប់​អតិថិជន​កម្ចី វា​គឺជា​ឱកាស​ក្នុង​ការជួយ​ឱ្យ​ពួកគេ​មាន​ប្រវត្តិ​ស្ថានភាព​ឥណទាន​ផ្ទាល់ខ្លួន​មួយ​ច្បាស់លាស់ ពិសេស​ជួយ​បង្ការ​បំណុល​វ័ណ្ឌក សម្រាប់​អតិថិជន​ដែល​គ្មាន​លទ្ធភាព​សង​ត្រឡប់​វិញ។

សម្រាប់​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី ក្រៅពី​ជួយ​ធ្វើការ​សម្រេច​ចិត្តបាន​លឿន​នៅពេល​ផ្តល់​ប្រាក់កម្ចី​ហើយ​នោះ វា​ក៏​ជា​ឧបករណ៍​ដ៏​មានតម្លៃ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ឥណទាន និង​ការពារ​ពី​ការលួចបន្លំផ្សេងៗផងដែរ។ រាល់​របាយការណ៍​ទាំងអស់​ត្រូវបាន​ការពា​រ​និង​រក្សាទុក​ជាសម្ងាត់ ហើយ​របាយការណ៍​ទាំងនេះ​អាច​ទាញ​យកបាន​តាមរយៈ​ស្ថាប័ននីមួយៗបន្ទាប់ពី​មានការ​ព្រមព្រៀង​ពី​អតិថិជន។ ប្រជាជន​ខ្មែរ​ទាំងអស់ ក៏មាន​សិទ្ធិ​ទទួលបាន​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​មួយឆ្នាំ​ម្តង​ដោយ​ឥតគិតថ្លៃ​ផងដែរ។

ទិន្នន័យ​ដែលមាន​សុវត្ថិភាព ការការពារ ភាពជឿជាក់ និង​ទុកចិត្តបាន ជា​កត្តា​សំខាន់ និង​ជា​ផ្នែក​មួយ​នៃ​ការត្រួតពិនិត្យ​ប្រចាំថ្ងៃ​របស់ CBC។ នៅក្នុង​ផ្នែក​សេវាកម្ម CBC ផ្តល់​ការបណ្តុះបណ្តាល​ដល់​សមា​ជិ​ក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅពេល​ពួកគេ​ចូល​ជា​សមាជិក​របស់​ការិយាល័យ​ឥណទាន​កម្ពុជា​លើកដំបូង និង​វគ្គ​បណ្តុះបណ្តាលផ្សេងៗទៀត​ក្នុងមួយឆ្នាំៗ ឬ​វគ្គ​បណ្តុះបណ្តាល​តាម​តម្រូវការ​ជាច្រើន​ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *