Skip to content

រថភ្លើង «អណ្ដែត» ល្បឿន​មហា​លឿន​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ

ក្រុមហ៊ុន​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន បានធ្វើ​តេស្ត​ជោគជ័យ​នូវ​រថភ្លើង​អណ្ដែត (Maglev Train) ដែល​ដំណើរការ​ដោយ​ថាមពល​ម៉ាញ៉េ​ទិច និង​អគ្គិសនី​ ដែល​អាច​បរ​ក្នុង​ល្បឿន​មហា​លឿន​។

នេះ​គឺជា​ការសាកល្បង​ដំបូង​ចំពោះ​រថភ្លើង​អណ្ដែត​ល្បឿន​មហា​លឿន​គំរូ​ពេញលេញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន។ នៅពេល​សម្រេច​ជា​ស្ថាពរ រថភ្លើង​ប្រភេទ Maglev នេះ​អាចធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង​នៅក្នុង​លក្ខខណ្ឌ​ល្អ។

​ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន (CASIC) គម្រោង​រថភ្លើងអណ្ដែត​ T-Flight កំពុង​ឆ្ពោះទៅកាន់​គោល​ដៅ​​ដឹក​អ្នកដំណើរ និង​ទំនិញ​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ ឬ​លឿន​ជាង​នេះ​ នៅក្នុង​លំហ​កម្រិត​ទាប​នៃ​ផ្លូវដែក​រាង​បំពង់។ បើសិនជា​ជោគជ័យ នេះ​នឹង​ក្លាយជា​បច្ចេកវិទ្យា​ដឹកជញ្ជូន​លើដី​ដែល​លឿន​បំផុត​លើ​ពិភពលោក។

រថភ្លើង​ប្រភេទ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​រវាង​ទីក្រុង​ទំនើប​ៗ​នាពេល​អនាគត។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា បច្ចេកវិទ្យា​នេះ​ត្រូវការ​ធ្វើតេស្ត​ជាច្រើន​ទៀត​ដើម្បី​សម្រេចបាន​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង។ កន្លងមក ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ធ្លាប់បាន​ធ្វើតេស្ត​ល្បឿន 623 គីឡូម៉ែត្រ/ម៉ោង នៅក្នុង​លក្ខខណ្ឌ​ធម្មតា។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​ ធ្វើ​តេស្ត​រថភ្លើង​ប្រភេទ​អណ្ដែត ល្បឿនមហា​លឿន

«បន្ទាប់មក យើង​នឹង​ធ្វើ​តេស្ត​​​ច្រើនជាង​នេះ​នៅលើ​ផ្លូវ​សាកល្បង​ដំណាក់កាល​ទីមួយ​នៅ​ខេត្ត Shanxi ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ទាំងមូល។ យើង​នឹង​ពង្រីក​បណ្ដាញ​ផ្លូវ និង​ធ្វើការ​វាយតម្លៃ​លើផ្លូវ​ឆ្ងាយ និង​ល្បឿន​លឿន​ជាង​មុន» Li Ping ដែលជា​សមាជិក​របស់​គម្រោង​រថភ្លើង T-Flight បញ្ជាក់​ដូច្នេះ​។

ប្រទេស​ចិន បច្ចុប្បន្ន​កំពុងដំណើរកា​រ​រថភ្លើង​ល្បឿន​លឿន​រាង​គ្រាប់កាំភ្លើង​ដែល​អាចធ្វើ​ដំណើរ​បាន 350 គីឡូម៉ែត្រ/ម៉ោង។

Leave a Reply

Your email address will not be published. Required fields are marked *