នៅថ្ងៃទី 02ដល់ថ្ងៃទី04 ខែវិច្ឆិកា ខាងមុខឆាប់ៗនេះប្រទេសកម្ពុជានឹងរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមដងទន្លេសាប នាមុខព្រះបរមរាជវាំង។ ដើម្បីដឹងថាតើព្រះរាជពិធីបុណ្យអុំទូកនេះធ្វើឡើងក្នុងគោលបំណងអ្វីនោះ គេហទំព័រ ឡារ៉ែន បានដកស្រង់នូវឯកសារប្រវត្តិសាស្ត្រមួយចំនួន សម្រាប់ចែកជូនមិត្តអានដែលមានខ្លឹមសារដូចខាងក្រោម៖
ឯកសារប្រវត្តិសាស្ត្រនានា បានសរសេរដូចៗគ្នាថា ពិធីនេះត្រូវបានគេប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7 ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ខ្មាំងសត្រូវ (កងទ័ពចាម)។ ពិធីនេះបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំនិងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំផងដែរ។
ក្នុងឱកាសនោះគេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុង មួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះឱ្យខេត្តរបស់ខ្លួនទៀតផង។ ឯកសារប្រវត្តិសាស្ត្របានឱ្យដឹងថា នៅអំឡុងឆ្នាំ1177 កងទ័ពចាមបានលើកទ័ពមកធ្វើការលុកលុយ ត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ 4ឆ្នាំ ខណៈនោះព្រះបាទជ័យវធន(ជ័យវរ្ម័នទី7) បានធ្វើការបង្រួបបង្រួមជាតិ ចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ប្រយុទ្ធប្រឆាំងចំពោះទ័ពចាមរហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេស នៅឆ្នាំ1181និងបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន រុងរឿងដល់កម្រិតកំពូលថែមទៀត។
យោងតាមឯកសារប្រវត្តិសាស្ត្រ និងសិលាចារឹកនានា បានបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី7 បានឡើងគ្រងរាជសម្បត្តិនៅរាជធានីសោធបុរៈ និងបានរៀបចំកសាងប្រទេសជាតិឡើងវិញ ដូចជាកសាងប្រាសាទសាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រពាសពេញផ្ទៃប្រទេស។ តាមរយៈចម្លាក់នៅប្រាសាទបាយ័ន គេសង្កេតឃើញមានប្រាង្គប្រាសាទមុខបួនបែរទៅគ្រប់ទិស ដែលធ្វើឱ្យអ្នកប្រាជ្ញជាតិ-អន្តរជាតិមួយចំនួនយល់ថា“ ប្រាសាទបាយ័ន ជាវិមានទេពក្នុងរឿងព្រេងនិទានមានលក្ខណៈអច្ឆរិយខ្លាំងណាស់។ នៅតាមជញ្ជាំងនៃប្រាសាទ មានចម្លាក់ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ពិសេសការធ្វើសឹកសង្គ្រាមជាមួយកងទ័ពចាម ដែលដឹកនាំដោយព្រះបាទជ័យវរ្ម័នទី7 ទទួលបានជ័យជម្នះយ៉ាងធំធេងតាមរយៈចម្បាំងកងទ័ពជើងទឹក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺចម្បាំងកងទ័ពជើងទឹក ដែលត្រូវបានគេឆ្លាក់ជាប់នឹងជញ្ជាំងយ៉ាងល្អប្រណីតគួរឱ្យចង់គយគន់ខ្លាំងណាស់។ ចម្លាក់នៃកងទ័ពជើងទឹកនេះត្រូវបានកុលបុត្រខ្មែរជំនាន់ក្រោយ ចងចាំពីគុណបំណាច់របស់បុព្វបុរសខ្លួនដែលបានរំដោះទឹកដីឱ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ហើយនាំគ្នាប្រារព្ធធ្វើពិធីអុំទូកដើម្បីរម្លឹកគុណបំណាច់ដ៏ថ្លៃថ្លានេះជារៀងរាល់ឆ្នាំ រហូតមកទល់សព្វថ្ងៃ។ ពិធីនេះមានតាំងពីសម័យមហាអង្គររហូតមក ហើយប្រជាពលរដ្ឋខ្មែរតែងប្រារព្ធធ្វើពិធីបុណ្យអុំទូក ដើម្បីធ្វើការប្រឡងប្រណាំងទូកគ្រប់ប្រភេទ ទាំងបុរស និងស្ត្រី ដែលមកពីគ្រប់ខេត្តក្រុង។
ចំណែកបងប្អូន ខ្មែរកម្ពុជាក្រោម ដែលមានឈាមជ័រដូចគ្នា ទោះបីជាសព្វថ្ងៃនេះបានឃ្លាតឆ្ងាយពីយើង ហើយរស់នៅក្រោមការត្រួតត្រារបស់ប្រទេសវៀតណាម យ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីខ្មែរដដែល ដោយគេតែងតែនាំគ្នាប្រារព្ធពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ។ ជារៀងរាល់ឆ្នាំបងប្អូនខ្មែរកម្ពុជាក្រោម នៅខេត្តឃ្លាំងបានប្រារព្ធធ្វើពិធីនេះ ដើម្បីរម្លឹកដល់គំរូវីរភាពរបស់កងទ័ពខ្មែរនាសម័យមហានគរ ដែលដណ្ដើមជ័យជម្នះពីទ័ពចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ហើយរៀបចំប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងដល់កម្រិតកំពូល។
តាមឯកសារស្រាវជ្រាវជ្វ្រាវតន្ត្រី និងជីវិតរបស់អ្នកស្រី កែវ ណារុំ បានបញ្ជាក់ថា ស្ដេចក្រាញ់ នៅកម្ពុជាក្រោម ស្រុកបាសាក់បានរៀបចំកងទ័ពជា3ក្រុម ដើម្បីការពារភូមិសាស្ត្ររបស់ខ្លួន គឺទី1.ទ័ពស្រួចហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចសព្វថ្ងៃ ទី2.ទ័ពជំនួយហាត់ច្បាំងនឹងទូកចែវមានទ្រង់ទ្រាយដូចទូកសព្វថ្ងៃដែរ និង ទី3.ទ័ពបាសាក់ គឺទូកធំមានដំបូលចែវក្ដោងរាងស្រួចដំបូលកាត់មុខឥតជញ្ជាំងសម្រាប់ផ្ទុកស្បៀងកងទ័ព។ របៀបបង្ហាត់ទូកចម្បាំងនេះ ស្ដេចក្រាញ់នៅកម្ពុជាក្រោម តែងឱ្យមន្ត្រីនៅក្រោមឱវាទធ្វើការប្រឡងប្រណាំងទូកនៅថ្ងៃទី15កើត ខែកត្តិក ដោយឱ្យកេណ្ឌទាហានជើងគោក និងជើងទឹកមកធ្វើការសមយុទ្ធជារៀងរាល់ឆ្នាំ រយៈពេលមួយយប់មួយថ្ងៃ និងបានក្លាយជាទំនៀមទម្លាប់ដ៏មានសារសំខាន់សម្រាប់ជនជាតិខ្មែរ។
ក្នុងពិធីនេះមានការលយប្រទីបដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្មរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នៅពេលយប់ តាមក្រសួងស្ថាប័ននីមួយៗមានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌ គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ បញ្ចេញនូវស្នាមញញឹមគ្រប់គ្នា។ ចំណែកឯពិធីអកអំបុក និងសំពះព្រះខែត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយកកំណើតជាទន្សាយបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទានដល់ឥន្ទ្រព្រាហ្មណ៍។ ការគិតរបស់ព្រះពោធិសត្វ នេះបានក្ដៅដល់ឥន្ទ្រព្រាហ្មណ៍ ហើយព្រះអង្គបាននិយាយថា“ជីវិតខ្ញុំនឹងក្ស័យជាមិនខានធ្វើម្ដេចនឹងបានអាហារបរិភោគ។ ពេលនោះទន្សាយពោធិសត្វ បានពោលថា“ខ្ញុំមានតែសាច់ និងឈាមត្រូវការឱ្យជាទាន បើអ្នកចង់បានចូររកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឱ្យបានជាអាហារបរិភោគ។ ឥន្ទ្រព្រាហ្មណ៍គ្រាន់តែឮដូច្នេះ ក៏ទៅបង្កាត់ភ្លើង ចំណែកទន្សាយក៏លោតចូលភ្លើងភ្លាមប៉ុន្តែដោយអំណាចនៃសេចក្ដីជ្រះថ្លា ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឱ្យភ្លើងឆេះរោមមួយសរសៃឡើយ។ ឃើញដូច្នេះព្រះឥន្ទ្រក៏ហោះទៅឋានលើ យកថ្មកែវមនោសិលាគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ជាប់តាំងពីនោះរហូតមក ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ15កើត។ ចំណែកអ្នកស្រុកតែងរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់ព្រះពោធិសត្វ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើជារៀងរាល់ឆ្នាំក្រុង និងខេត្តបានចូលរួមនៅក្នុងមហោស្រពនេះ ប៉ុន្តែការប្រារព្ធពិធីដ៏ធំបំផុតធ្វើឡើងនៅរាជធានីភ្នំពេញ ដោយមានការប្រណាំងទូកតាមដងទន្លេសាប។ ម្យ៉ាងទៀតពិធីនេះក៏ជាការរម្លឹកដល់ចុងបញ្ចប់នៃរដូវកាលវស្សារបស់ប្រទេសកម្ពុជាផងដែរ។
កម្មវិធីនេះរួមបញ្ចូលទាំងការប្រណាំងទូក និងការប្រគំតន្ត្រីដែលអាចទាក់ទាញមនុស្សជាច្រើនលាននាក់ឱ្យមកចូលរួមជារៀងរាល់ឆ្នាំ៕