សំបុត្រជាង 14,000 សម្លឹកត្រូវបានបែងចែកអស់នៅក្នុងរង្វង់មួយម៉ោងកាលពីប៉ុន្មានថ្ងៃមុន ខណៈអ្នកគាំទ្រជាច្រើននៅតែស្វែងរកសំបុត្រចូលទស្សនាពិធីសម្ពោធបើកការប្រកួតបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 ដែលមានការប្រកួតរវាង U-22 កម្ពុជា និង U-22 ទីម័រខាងកើត ធ្វើឱ្យបាល់ទាត់នៅកម្ពុជាឡើងកម្ដៅខ្ពស់មិនធ្លាប់មានពីមុនមក។
កម្ពុជាបានចំណាយពេលដប់ឆ្នាំនៅក្នុងការវិនិយោគសម្រាប់ក្រុម U-22 បច្ចុប្បន្ន ដោយសង្ឃឹមថា អាចដណ្ដើមបានមេដាយនៅស៊ីហ្គេមលើកនេះ។ កាលពីបួនឆ្នាំមុន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 30 នៅហ្វ៊ីលីពីន ក្រុមបាល់ទាត់កម្ពុជាបានចូលទៅក្បែរពានរង្វាន់មេដាយសំរឹទ្ធបំផុត ពេលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែត្រូវចាញ់ U-23 វៀតណាម 0-4 ហើយក្រោយមកក៏បានបរាជ័យក្នុងការប្រជែងដណ្ដើមមេដាយសំរឹទ្ធជាមួយនឹង U-23 មីយ៉ាន់ម៉ា។
បច្ចុប្បន្ន U-22 កម្ពុជាកំពុងតែមានប្រៀបជាងក្រុមមួយចំនួនទៀត ដោយសារតែបានទាត់នៅលើទីលានផ្ទាល់ខ្លួន និងស្ថិតក្នុងពូលដែលមើលទៅមិនសូវគ្រោះថ្នាក់ ក៏ដូចជាការទទួលបានការគាំទ្រលើកទឹកចិត្តច្រើនលើសលុបពីពលរដ្ឋក្នុងស្រុក នៅពេលសំបុត្រចូលទស្សនាត្រូវបានលក់ក្នុងតម្លៃ 0 រៀល។ ក៏ប៉ុន្តែ គ្រាប់បាល់មូលនៅលើទីលានប្រកួត អាចកែប្រែស្ថានភាពគ្រប់យ៉ាង។
នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ ក្រុមបាល់ទាត់ម្ចាស់ផ្ទះកម្ពុជា នឹងត្រូវចូលប្រកួតបើកឆាកជាមួយនឹងក្រុម U-22 ទីម័រខាងកើត។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី 29 មេសា 2023៕