Skip to content

ថ្ម​ផ្ទុក​ថាមពល​ទំនើប​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​បើកបរ​បាន​រហូតដល់ 1.5 លាន​គីឡូម៉ែត្រ

(ស៊ុយអែត) – ក្រុមហ៊ុន​បច្ចេកវិទ្យា​បៃតង​ចំនួន​ពីរ​រួមគ្នា​អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​ធុន​ធ្ងន់ ដែលថ្ម​នេះ​មាន​អាយុកាល​វែង អាច​ផ្ដល់​អគ្គិសនី​ឱ្យ​រថយន្ត​បរបាន​ជាង 1.5 លាន​គីឡូម៉ែត្រ។

ថ្មផ្ទុក​ថាមពល​ប្រភេទ​លី​ចូ​ម (lithium-ion) ថ្មី​នេះ​ត្រូវបាន​ផលិត​​ឡើង​ដោយ​ប្រើ​​អគ្គិសនី​មិនមាន​ប្រភពពី​ផូស៊ីល នៅឯ​ភាគ​ខាងជើង​ប្រទេស​ស៊ុយអែត។ ការផលិត​ថ្ម​នេះ​បំ​ភាយ​ឧស្ម័ន​កាបូន​ស្មើនឹង 1/3 ធៀប​នឹង​ផលិតផល​ប្រភេទ​ដូចគ្នានេះ​របស់​ក្រុមហ៊ុន​ដទៃ។

ចំណុច​ពិសេស​របស់​ថ្ម​​នេះ​គឺ​ស្ដើង ផ្ទុក​អគ្គិសនី​បាន 157 អំ​ពែរ​ម៉ោង និង​កម្លាំង 3.6 វ៉ុល។ អាយុកាល​របស់​ថ្ម​ទំនើប​ចុង​ក្រោយនេះ​គឺ​ជាង 1.5 លាន​គីឡូម៉ែត្រ​ចំពោះ​រថយន្ត​ធុន​ធ្ងន់។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។ ជាធម្មតា អាយុកាល​របស់​ថ្ម​រថយន្ត​អគ្គិសនី​គឺ​ប្រហែល​ 8 ឆ្នាំ/160,000 គីឡូម៉ែត្រ។

ថ្ម​ផ្ទុក​អគ្គិសនី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បៃតង​ចំនួន​ពីរ​ស្ថាប័ន​គឺ Scania និង Northvolt។ ពួកគេ​កំពុង​ផលិត​​ថ្ម​នេះ​នៅឯ​រោងចក្រ Ett របស់ Northvolt ក្នុង​​ប្រទេស​ស៊ុយអែត ចំណែក​ Scania វិញ​ក៏​នឹង​សម្ពោធ​រោងចក្រ​​ផលិត​ថ្ម​ថ្មី​​នេះ​មួយ​​ដែរ​នៅ Sodertalje នៅ​ចុង​ឆ្នាំនេះ។ នៅ​ទីនោះ ថ្ម​ផ្ទុក​អគ្គិសនី​នឹងត្រូវ​បាន​ដំឡើង​ពេញលេញ​ដើម្បី​ចាប់ផ្ដើម​ការផលិត​រថ​យន្ត​អគ្គិសនី​ដឹកទំនិញ​ធុន​ធ្ងន់។

Leave a Reply

Your email address will not be published. Required fields are marked *