(ស៊ុយអែត) – ស្តុកខុលបានក្លាយជាទីក្រុងដំបូងគេលើពិភពលោកដែលដាក់ឱ្យប្រើប្រាស់ស្រឡាងដឹកអ្នកដំណើរបែបពាណិជ្ជកម្មស្វ័យប្រវត្តដំណើរការទាំងស្រុងដោយថាមពលអគ្គិសនី។
ម៉ូដែលស្រឡាងមានដងខ្លួនពីរដែលអាចដាក់មនុស្សបាន 25 នាក់នេះនឹងធ្វើសកម្មភាពរវាងបណ្ដាកោះ Kungsholmen និង Soder Mellarstrand នៅរដ្ឋធានីស្តុកខុល ក្នុងរយៈពេល 15 ម៉ោងជាប់ៗគ្នាជារៀងរាល់ថ្ងៃ ចាប់ពីខែមិថុនា 2023។ នេះបើតាមគេហទំព័រ Zeam។
ស្រឡាងទំនើបនេះស្ថិតក្នុងគម្រោងបង្កើតឱ្យមានមធ្យោបាយធ្វើដំណើរដែលមានស្ថិរភាពក្នុងទីក្រុង និងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជនជាងមុន។ គម្រោងដែលបានចាប់ផ្ដើមនៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាន័រវែស (NTNU) នៅ Trondheim នេះ បាននាំឱ្យមានវត្តមានក្រុមហ៊ុនបច្ចេកវិទ្យា Zeabuz។ Zeabuz ផ្គត់ផ្គង់ប្រព័ន្ធស្វ័យប្រវត្តសម្រាប់ស្រឡាងដឹកអ្នកដំណើរ។
ដំណើរការរបស់ស្រឡាងប្រវែង 12 ម៉ែត្រនេះ នឹងត្រូវបានតាមដានពីបន្ទប់គ្រប់គ្រងនៅលើដីគោក។ ស្រឡាងនេះមានដំបូល និងច្រកឡើងចុះនៅខាងមុខ និងខាងក្រោយ។ មធ្យោបាយធ្វើដំណើរនេះត្រូវបានផលិតដោយក្រុមហ៊ុនសាងសង់កប៉ាល់ Brodrene Aa ដែលមានវត្តមានតាំងពីឆ្នាំ 1947។
គម្រោងស្រឡាងអគ្គិសនីស្វ័យប្រវត្តរបស់ស៊ុយអែត នឹងជួយជំរុញការធ្វើដំណើរតាមផ្លូវទឹក កាត់បន្ថយការកកស្ទះចរាចរណ៍ផ្លូវគោក និងបន្ថយការបំភាយឧស្ម័នពុល៕