ក្រុមអត្តពលិកយូដូកម្ពុជាគ្រោងនឹងផ្ដល់សញ្ជាតិដល់អត្តពលិកអ៊ុយក្រែនចំនួនបីនាក់ ក្នុងនោះមានយ៉ាងតិចពីរនាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រកួតនៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32។
«កម្ពុជាផ្ដល់សញ្ជាតិដល់អត្តពលិកដូចទៅនឹងបណ្ដាប្រទេសជាច្រើនផ្សេងទៀតដើម្បីលើកកម្ពស់សមិទ្ធផលនៃការប្រកួតអន្តរជាតិ» ប្រធានផ្នែកកីឡានៃសហព័ន្ធកីឡាយូដូហ្វ៊ីលីពីន (PJF) Emir Reyes បានប្រាប់សារព័ត៌មាន Malaya ដូច្នេះ។
Emir Reyes បន្ថែមថា «ពួកគេកំពុងផ្ដល់សញ្ជាតិដល់អត្តពលិកយូដូអ៊ុយក្រែនបីរូប ហើយយ៉ាងតិចពីររូបក្នុងចំណោមនោះនឹងចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32»។
យោងតាមសារព័ត៌មានខាងលើ Reyes បានដឹងអំពីរឿងនេះពេលកំពុងធ្វើការជាមួយអគ្គលេខាធិការនៃ PJF លោក Dave Carter (អ្នកទទួលបន្ទុកវិញ្ញាសាយូដូស៊ីហ្គេមលើកទី 32) ក្នុងការបណ្ដុះបណ្ដាលក្រុមអាជ្ញាកណ្ដាល និងមន្ត្រីបច្ចេកទេសរបស់វិញ្ញាសានេះនៅរាជធានីភ្នំពេញ។
Emir Reyes ឱ្យដឹងថា ម្នាក់នឹងប្រកួតនឹងប្រកួតក្នុងប្រភេទទម្ងន់ 66 គីឡូក្រាម ជាមួយនឹង Shugen Nakano របស់ហ្វ៊ីលីពីន។ PJF កំពុងស្វែងរកព័ត៌មានលម្អិតអំពីអត្តពលិកពីររូបខាងលើដើម្បីឱ្យដឹង ពួកគេបំពានច្បាប់យូដូអន្តរជាតិ ឬអត់។
ភាគីខាងកម្ពុជា មកដល់ពេលនេះហាក់មិនទាន់មានប្រតិកម្មអ្វីនៅឡើយ ទាក់ទងនឹងព័ត៌មានខាងលើ។
អ៊ុយក្រែនត្រូវបានគេចាត់ទុកថាជាប្រទេសខ្លាំងក្នុងវិញ្ញាសាក្បាច់គុនយូដូ ឬចំបាប់។ យូដូអ៊ុយក្រែនធ្លាប់ដណ្ដើមបានមេដាយប្រាក់ចំនួនមួយគ្រឿង មេដាយសំរឹទ្ធបីគ្រឿងក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ ចំណែកកម្ពុជាវិញ នៅស៊ីហ្គេមលើកទី 31 ក្រុមយូដូកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធចំនួនមួយគ្រឿងក្នុងប្រភេទទម្ងន់ 62 គីឡូក្រាមផ្នែកនារី។
វិញ្ញាសាយូដូនៅស៊ីហ្គេមលើកនេះនឹងប្រកួតចាប់ពីថ្ងៃទី 13 ឧសភា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ។