Selex Motors ដែលជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនី និងថ្មផ្ទុកថាមពលសម្រាប់ម៉ូតូអគ្គិសនី កំពុងប្រមូលទុនតម្លៃបីលានដុល្លារអាម៉េរិក ក្នុងនោះក៏មានការចូលរួមវិនិយោគពី ADB Ventures, Schneider Electric Energy Access Asia, Touchstone Partners និង Sopoong Ventures ផងដែរ។
ខ្ទង់វិនិយោគថ្មីខាងលើនេះនឹងត្រូវបានប្រើប្រាស់ដើម្បីពង្រីកទំហំនៃខ្សែច្រវាក់ផលិតកម្ម និងគាំទ្រដល់ការលក់ម៉ូតូអគ្គិសនី និងបង្កើតប្រព័ន្ធប្ដូរថ្មផ្ទុកថាមពលនៅតាមបណ្ដាទីក្រុងធំៗនៅប្រទេសវៀតណាម ក៏ដូចជាការពង្រីកតំបន់ពាណិជ្ជកម្មរបស់ Selex ។ នេះបើតាម CEO របស់ក្រុមហ៊ុន Selex Motors ។
ម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុន Selex Motors ត្រូវបានរចនាឡើងសម្រាប់គោលដៅប្រើប្រាស់ក្នុងកម្រិតខ្ពស់ដូចជាការប្រគល់ទំនិញជាដើម។ ម៉ូតូរបស់ក្រុមហ៊ុនវៀតណាមមួយនេះផ្ដល់ការគាំទ្រដល់ដំណោះស្រាយនៅក្នុងការប្ដូរថ្មផ្ទុកថាមពលដែលអាចធ្វើដំណើរបានរហូតដល់ 150 គីឡូម៉ែត្រ ដោយប្រើពេលដក និងដាក់ថ្មមិនដល់ពីរនាទី។
ខ្ទង់ប្រាក់វិនិយោគខាងលើនេះត្រូវបានប្រមូលនៅពេលវិស័យយានយន្តអគ្គិសនីទទួលបានចំណាប់អារម្មណ៍ខ្លាំងនៅអាស៊ីប៉ាស៊ីហ្វ៊ិក ដោយទីផ្សារនៅតំបន់នេះត្រូវបានគណនាឃើញថានឹងមានតម្លៃឡើងដល់ជាង 777 ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ 2027។
ក្រុមហ៊ុន Selex Motors ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2018 នៅប្រទេសវៀតណាម ដោយជនជាតិវៀតណាមបីរូបគឺ បណ្ឌិត ង្វៀន ហឺវហ្វឿកង្វៀន, បណ្ឌិត ង្វៀន ត្រុងហៃ និងអ្នកជំនាញផ្នែក IoT ង្វៀន ឌិញក្វាង។