ខ្សែការពារ Hali Long បានអះអាងថា ក្រុមបាល់ទាត់នារីហ្វ៊ីលីពីននឹងប្រឹងប្រែងឡើងឱ្យដល់វគ្គផ្ដាច់ព្រ័ត្រនៅស៊ីហ្គេមលើកទី 32 ដើម្បីនាំយកមេដាយមាសជូនប្រទេសជាតិ។
យោងតាមទំព័រ One Sports របស់ហ្វ៊ីលីពីន កីឡាការិនីខ្សែការពាររបស់ក្រុមបាល់ទាត់នារីជម្រើសជាតិរបស់ប្រទេសនេះ ថ្មីៗនេះបានចែករំលែកព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ស្ដីពីគោលដៅរបស់ Filipinas (រហ័សនាមរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វ៊ីលីពីន) នៅស៊ីហ្គេមលើកទី 32 នៅក្នុងកម្មវិធីកីឡា «The Game»។
Hali Long ឱ្យដឹងថា បន្ទាប់ពីមេដាយសំរឹទ្ធនៅស៊ីហ្គេមលើកទី 31 ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វ៊ីលីពីន កំពុងឆ្ពោះទៅរកមេដាយដទៃទៀតនៅឯព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2023 ដែលនឹងធ្វើឡើងនៅកម្ពុជានាប៉ុន្មានថ្ងៃខាងមុខ។
«សម្រាប់ខ្ញុំ គោលដៅរបស់ក្រុមនារីជម្រើសជាតិហ្វ៊ីលីពីនត្រូវតែជាមេដាយមាស ឬសំរឹទ្ធ។ យើងមិនចង់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយក្រោយមកត្រូវបរាជ័យ។ ក្រុមនារីជម្រើសជាតិហ្វ៊ីលីពីនចង់មានវត្តមាននៅក្នុងការប្រកួតចុងក្រោយ និងដណ្ដើមបានជ័យជម្នះ» Hali Long ឱ្យដឹងដូច្នេះ។
ក្នុងរយៈពេលពីរឆ្នាំមកនេះ ក្រុមបាល់ទាត់នារីហ្វ៊ីលីពីនបានរីកចម្រើនគួរឱ្យកត់សម្គាល់។ Hali Long រួមនឹងមិត្តរួមក្រុមដណ្ដើមបានសំបុត្រទៅចូលរួមប្រកួតនៅ World Cup 2023 ។ ទន្ទឹមនឹងនេះ Filipinas ក៏បានយកឈ្នះលើក្រុមវៀតណាម និងថៃ ក្លាយជាជើងឯកនៅ AFF Cup 2022 ។
ជាងនេះ ក្រុមបាល់ទាត់នារីហ្វ៊ីលីពីនក៏បានបង្ហាញកម្លាំងដ៏ល្អរបស់ខ្លួននៅវគ្គជម្រុះទីមួយនៅ Olympic Paris 2024 ដោយបានផ្ដួលប៉ាគីស្ថាន (4-0), តាហ្ស៊ីគីស្ថាន (8-0) និងហុងកុង (4-0) ហើយក៏បានឡើងដល់វគ្គជម្រុះទីពីរ។
ទោះជាយ៉ាងណាក៏ដោយ Hali Long នៅតែប្ដេជ្ញាផ្ដោតការយកចិត្តទុកដាក់ខ្ពស់សម្រាប់គោលដៅនៅស៊ីហ្គេមកម្ពុជា។ នាងយល់ថា ក្រុមនារីហ្វ៊ីលីពីននឹងមិន «ដេកលក់» នៅលើជោគជ័យដែលដណ្ដើមបាននាពេលកន្លងនោះឡើយ។
នៅស៊ីហ្គេមលើកទី 32 ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វ៊ីលីពីនស្ថិតក្នុងពូល A ដែលមានក្រុមវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ដោយមានសមិទ្ធផល និងកម្លាំងខ្លាំងក្លានាពេលកន្លង ក៏ដូចជាបច្ចុប្បន្ន Hali Long និងក្រុមជម្រើសជាតិហ្វ៊ីលីពីនត្រូវបានវាយតម្លៃថាជាបេក្ខភាពដ៏លេចធ្លោសម្រាប់មេដាយមាសនៅស៊ីហ្គេមលើកនេះ៕