(អង់គ្លេស) – យន្តហោះ Airlander 10 ឬ HAV 304 របស់ក្រុមហ៊ុន Hybrid Air Vehicles មានបណ្ដោយ 92 ម៉ែត្រ អាចហោះឡើងដល់កម្ពស់ 5,000 ម៉ែត្រ និងល្បឿន 145 គីឡូម៉ែត្រ/ម៉ោង។
George Land ដែលជាប្រធានផ្នែកអភិវឌ្ឍពាណិជ្ជកម្មរបស់ក្រុមហ៊ុន Hybrid Air Vehicles បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍយន្តហោះកូនកាត់នឹងកំណត់ឡើងវិញនូវវិធីដែលពិភពលោកស្រមៃអំពីអាកាសចរណ៍។ «យើងនឹងពិនិត្យមើលមធ្យោបាយហោះហើរកូនកាត់ខ្នាតយក្សប្ដូរផ្លាស់ការយល់ឃើញអំពីសកម្មភាពហោះហើរ» នេះបើតាម George Land។
ម៉ូដែលយន្តហោះកូនកាត់បាឡុងរបស់ក្រុមហ៊ុន Hybrid Air Vehicles (HAV) នៅប្រទេសអង់គ្លេស ដែលមានឈ្មោះថា Airlander 10 ឬ HAV 304 ហោះហើរជាលើកដំបូងកាលពីឆ្នាំ 2012។ យន្តហោះនេះរួមមាន បាឡុងអេល្យូម ដែលមានស្លាប និងកន្ទុយ រួមនឹងម៉ាស៊ីនម៉ាស៊ូតចំនួនបួនគ្រឿង។
យន្តហោះកូនកាត់ដូច Airlander នេះ ប្រើប្រាស់ទាំងកម្លាំងលើករបស់ឧស្ម័ន បច្ចេកទេស និងបច្ចេកវិទ្យាទំនើប ធ្វើឱ្យវាស្រាលជាងបរិយាកាសជាងមុន។ ប្រការនេះជួយកាត់បន្ថយការលំបាកនៅក្នុងការដឹកជញ្ជូនដែលតែងកើតមាននៅលើបាឡុងហោះបែបប្រពៃណីបច្ចុប្បន្ន។
ដងខ្លួនរបស់ Airlander ធ្វើពីក្រណាត់ច្រើនស្រទាប់ដែលភ្ជាប់ជាមួយគ្នាដើម្បីបង្កើនភាពធន់ និងរក្សាឧស្ម័នអេល្យូមបានល្អ។ ដោយមានបំពាក់មុខងារប្ដូរផ្លាស់ទំហំនៃកាប៊ីនផ្ទុកឧស្ម័នអេល្យូម ពីឡុតអាចបើកបរយន្តហោះកូនកាត់នេះបានយ៉ាងស្រួល។
ក្នុងករណីខួច Airlander អាចហោះទៅដល់កន្លែងជួសជុល និងបំពេញអេល្យូមតាមរយៈប្រព័ន្ធគ្រប់គ្រងសម្ពាធស្វ័យប្រវត្ត។ ឧស្ម័នអេល្យូមដែលលេចចេញតាមរន្ធនៅលើស្រទាប់ក្រណាត់ កើតឡើងយ៉ាងយឺត ដោយសារភាពខុសគ្នារវាងសម្ពាធមានកម្រិតទាប។
ចំណុចពិសេសរបស់យន្តហោះកូនកាត់ Airlander 10 ដែលអាចដឹកអ្នកដំណើរបាន 100 នាក់ ឬទំនិញដប់តោននេះ គឺមិនសូវបំពុលបរិស្ថាន អាចប្រើបានយូរ ពហុមុខងារ មានភាពបត់បែនខ្ពស់ និងសន្សំសំច័យ។ល។
យន្តហោះ Airlander 10 ឬ HAV 304 របស់ក្រុមហ៊ុន Hybrid Air Vehicles
ម៉ាស៊ីនម៉ាស៊ូត V8 កម្លាំង 325 សេះ (242 kW) ចំនួនបួនគ្រឿងរបស់ Thielert Centurion ផ្ដល់ថាមពលដល់កង្ហារបួនគូនៅលើយន្តហោះកូនកាត់នេះ៕