ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់ប្រទេសវៀតណាម ដែលជាក្រុមនឹងត្រូវមកប្រកួតនៅកម្ពុជា កាលពីម្សិលមិញបានចាញ់ 2-3 ក្នុងការប្រកួតមិត្តភាពត្រៀមសម្រាប់ស៊ីហ្គេមលើកទី 32។
នៅលើទីលានបាល់ទាត់នៅ Ba Ria – Vung Tau ប្រទេសវៀតណាម កាលពីព្រលប់ថ្ងៃទី 21 មេសា TP HCM (ក្លឹបបាល់ទាត់នៅទីក្រុងព្រៃនគរ) បានបញ្ចេញក្រុមជើងខ្លាំងបំផុតដែលមានកីឡាករពីបរទេស រួមនឹងកីឡាករចូលសញ្ជាតិ Hoang Vu Samson ខណៈដែល U-22 វៀតណាម ក៏ប្រើប្រាស់ក្រុមកីឡាករដែលមានសមត្ថភាពមិនអន់នោះដែរ។
នៅចំពោះមុខគូប្រកួតដែលសម្បូរបទពិសោធន៍នៅ V-League ក្រុមជម្រើសជាតិ U-22 វៀតណាម នៅតែអាចរកបានមួយគ្រាប់មុនគេ។ ប៉ុន្តែ មុនពេលបញ្ចប់តង់ទីមួយ ក្លឹប TP HCM ក៏រកបានគ្រាប់បាល់ស្មើ 1-1 ដោយថ្វីជើងរបស់ Victor Mansaray។
ចូលដល់តង់ទីពីរ ក្លឹប TP HCM ក៏បាននាំមុខ 2-1។ ជិតដល់ចុងតង់ទីពីរ U-22 វៀតណាម ទទួលបានបាល់ពិន័យ ហើយក៏រកបានគ្រាប់បាល់ស្មើ 2-2។
ថ្វីបើ U-22 វៀតណាមបានខំប្រឹងរក្សាយុទ្ធសាស្ត្រប្រកួត ប៉ុន្តែ TP HCM នៅតែមានប្រៀបផ្នែកបទពិសោធន៍ក្នុងពេលវាយលុក និងរកបានគ្រាប់បាល់ទីបីដែលនាំឱ្យ U-22 វៀតណាម ត្រូវចាញ់ 2-3។
ចប់ការប្រកួតខាងលើ U-22 វៀតណាមនៅមានមួយប្រកួតទៀតដែលជាការប្រកួតមិត្តភាពជាមួយនឹងក្រុមលេខមួយរបស់ Ba Ria – Vung Tau ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី 24 មេសា។ ក្រោយការប្រកួតនេះ គ្រូបង្វឹក Toussier របស់ U-22 វៀតណាម នឹងជម្រុះយកកីឡាករតែ 20 នាក់ ក្នុងចំណោម 31 នាក់នាបច្ចុប្បន្ន ដើម្បីចេញដំណើរមកប្រកួតនៅកម្ពុជា នៅថ្ងៃទី 26 មេសា៕