លោក Jack Ma ទទួលបានកិត្តិនាមជាសាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យហុងកុង ដែលនេះក៏នឹងជួយឱ្យលោកអាចបន្តក្ដីស្រលាញ់ចំពោះវិស័យអប់រំ។
«យើងមានសេចក្ដីសោមនស្សដែលបញ្ជាក់ថា លោក Jack Ma បានផ្ដល់កិត្តិយសទទួលយកការអញ្ជើញឱ្យធ្វើជាសាស្ត្រាចារ្យកិត្តិយស ដោយជឿថា បទពិសោធន៍រួមនឹងគំនិតជំនួញរបស់លោកត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព» SCMP កាលពីថ្ងៃទី 21 មេសា ដកស្រង់សេចក្ដីប្រកាសរបស់មូលនិធិ Jack Ma ឱ្យដឹងដូច្នេះ។
តំណាងរបស់មហាសេដ្ឋីចិន Jack Ma និយាយថា ក្រោយមួយរយៈពេលដែលបានផ្អាកការងារក្នុងវិស័យអប់រំ លោក Ma មានបំណងត្រលប់មករកជីវភាពដែលមានការជួបជុំគ្រូបង្រៀន និងនិស្សិត ទន្ទឹមនឹងការផ្ដោតលើកិច្ចការស្រាវជ្រាវស្ដីពីនវានុវត្តន៍វិស័យអប់រំ និងជំនួញ។
ប្រកាសនៅលើគេហទំព័ររបស់មហាវិទ្យាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យហុងកុង (HKU) បានឱ្យដឹងថា លោក Jack Ma កាលពីថ្ងៃទី 01 មេសា ត្រូវបានអញ្ជើញឱ្យធ្វើជាសាស្ត្រាចារ្យកិត្តិយសរបស់មហាវិទ្យាល័យនេះក្នុងរយៈពេលបីឆ្នាំ រហូតដល់ខែមីនា 2026។
លោក Ma ត្រូវបានគេជឿថា នឹងផ្ដោតលើការសិក្សាស្រាវជ្រាវអំពីវិស័យហិរញ្ញវត្ថុ កសិកម្ម និងនវានុវត្តន៍ផ្នែកជំនួញជាមួយគ្រូបង្រៀននៅ HKU ប៉ុន្តែមិនទាន់មានគម្រោងចូលទៅបង្រៀន ឬថ្លែងការណ៍ជាសាធារណៈ។
មុនពេលចាប់ផ្ដើមអាជីពជំនួញ លោក Jack Ma គឺជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រអង់គ្លេសនៅមហាវិទ្យាក្នុងខេត្ត Zhejiang ប្រទេសចិន។ លោកធ្លាប់ជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅចិនដីគោក។ លោក Ma គឺជាស្ថាបនិករបស់ក្រុមហ៊ុនខ្នាតយក្ស Alibaba និង Ant Group។
ក៏ប៉ុន្តែ ក្រុមមន្ត្រីនៅប្រទេសចិន កាលពីពីរឆ្នាំមុនបានផ្អាកការធ្វើ IPO តម្លៃ 37 ពាន់លានដុល្លាររបស់ Ant Group។ ចំណែកសាជីវកម្ម Alibaba ក៏ត្រូវបានពិន័យ 2.8 ពាន់លានដុល្លារអាម៉េរិក ព្រោះតែរំលោភលើច្បាប់ប្រឆាំងសិទ្ធិផ្ដាច់មុខ។
មហាសេដ្ឋី Jack Ma កាលពីឆ្នាំ 2019 បានប្រកាសចូលនិវត្តន៍ និងដកខ្លួនចេញពីកៅអីប្រធាន Alibaba នៅក្នុងវ័យ 55 ឆ្នាំ ដើម្បីអាចចំណាយពេលច្រើនទៅលើកិច្ចការមនុស្សធម៌ និងស្វែងយល់អំពីវិស័យកសិកម្ម។ លោក Ma បានចាកចេញពីចិនដីគោកកាលពីចុងឆ្នាំ 2021 និងបានទៅកាន់ប្រទេសជាច្រើនលើពិភពលោក៕