ក្រុមប្រឹក្សាប៉ាឡាំពិកម៉ាឡេស៊ី (PCM) មានការអន់ចិត្តជាខ្លាំងនៅពេលកម្ពុជាមិនលក់អាជ្ញាប័ណ្ណទូរទស្សន៍សម្រាប់ស៊ីហ្គេមលើកនេះដូចទៅនឹងគម្រោងដំបូង។
កាលពីថ្ងៃទី 22 កក្កដា 2022 ប្រទេសចំនួន 11 នៅអាស៊ីអាគ្នេយ៍ បានយល់ព្រមលុបចោលការមិនគិតថ្លៃ និងងាកទៅរកការធ្វើពាណិជ្ជកម្មលើអាជ្ញាប័ណ្ណស៊ីហ្គេមចាប់ពីលើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ចាត់ទុកថា នេះគឺជារឿងសំខាន់ដើម្បីកាត់បន្ថយការចំណាយរបស់ម្ចាស់ផ្ទះ និងបង្កើនប្រាក់ចំណូល ក៏ដូចជាអភិវឌ្ឍពាណិជ្ជកម្ម។
ក៏ប៉ុន្តែ កាលពីថ្ងៃទី 31 មីនា 2023 គណៈកម្មាធិការស៊ីហ្គេមលើកទី 32 របស់កម្ពុជា (CAMSOC) បានប្រកាសបន្តការមិនគិតថ្លៃលើអាជ្ញាប័ណ្ណស្ដីពីការផ្សាយលើកញ្ចក់ទូរទស្សន៍សម្រាប់ស៊ីហ្គេម និងប៉ារ៉ាហ្គេម។
«ជាការសម្រេចចិត្តដ៏អាក្រក់។ ស៊ីហ្គេមគួរតែត្រូវបានធ្វើពាណិជ្ជកម្មជាជាងការត្រលប់ទៅកាន់ចំណុចចាប់ផ្ដើម» ប្រធាន PCM លោក Megat D Shahriman Zaharudin បានប្រាប់សារព័ត៌មាន New Straits Times ដូច្នេះ។
មុនពេលមានការសម្រេចចិត្តមិនគិតថ្លៃលើអាជ្ញាប័ណ្ណទូរទស្សន៍ពីកម្ពុជា PCM គឺជាស្ថាប័នដែលកាន់កាប់អាជ្ញាប័ណ្ណស៊ីហ្គេមលើកទី 32 ដែលជួយឱ្យម៉ាឡេស៊ីក្លាយជាមួយក្នុងបំណោមបួនប្រទេសដែលទិញអាជ្ញាប័ណ្ណជា គឺរួមមាន ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។ PCM បានព្រមព្រៀងជាមួយនឹងទូរទស្សន៍ បួនស្ថានីយ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណិតចំនួនបី និងក្រុមហ៊ុនទូរគមនាគមន៍ចំនួនបួនទៀត ទាក់ទងនឹងការលក់អាជ្ញាប័ណ្ណស៊ីហ្គេមបន្ត ប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវខកខាន។
«យើងពិតជាមានការអន់ចិត្ត និងអស់សង្ឃឹមខ្លាំងណាស់» លោក Shahriman Zaharudin និយាយដូច្នេះ និងបន្ថែមថា «គម្រោងដំបូងគឺការប្រើប្រាស់ខ្ទង់ប្រាក់ដែលប្រមូលបានពីការលក់អាជ្ញាប័ណ្ណបន្តដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសកម្មភាព»។
ការសម្រេចចិត្តរបស់កម្ពុជា បានធ្វើឱ្យក្ដីសង្ឃឹមក្នុងការលក់អាជ្ញាប័ណ្ណបន្តរបស់ម៉ាឡេស៊ី ត្រូវរង់ចាំដល់ស៊ីហ្គេមលើកទី 33 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសថៃ។
កម្ពុជាមិនត្រឹមតែមិនគិតថ្លៃអាជ្ញាប័ណ្ណទូរទស្សន៍នោះទេ តែក៏មិនគិតថ្លៃសំបុត្រចូលទស្សនាការប្រកួតនៅស៊ីហ្គេម ព្រមទាំងមិនគិតថ្លៃហូបចុក ស្នាក់នៅ និងការធ្វើដំណើររបស់ប្រតិភូកីឡានៃបណ្ដាប្រទេសចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ទៀតផង៕