ខ្សែបម្រើជើងចាស់ Sami Khedira បានអំពាវនាវឲ្យក្រុមខ្លួនស្ថិតក្នុងការផ្តោតអារម្មណ៍ ខណៈដែលក្រុមសេះបង្កង់ Juventus សម្លឹងរកការឈ្នះពានពាន Serie A ជាកំណត់ត្រានៅថ្ងៃសៅរ៍នេះ តាមរយៈការដណ្តើមយកជ័យជម្នះលើក្រុមស្ថិតក្នុងទីក្រុងតែមួយ Torino។
ការដណ្តើមបានជ័យជម្នះរបស់ក្រុម Juventus នៅថ្ងៃសៅរ៍នេះ បូករួមទាំងការបរាជ័យរបស់ក្រុម Roma នៅលើទឹកដីក្រុម AC Milan នៅថ្ងៃអាទិត្យ នឹងធ្វើឲ្យក្រុមម្ចាស់ជើងឯកមួយនេះ នាំមុខ១២ពិន្ទុដាច់ ខណៈដែលនៅសល់៣ប្រកួតទៀតនៅរដូវកាលនេះ។ ប៉ុន្តែ Khedira បាននិយាយថា ការឈ្នះពាន Serie A ជាលើកទី៦ជាប់ៗគ្នា គ្រាន់តែការបោះជំហានមួយឆ្ពោះទៅមុខមួយប៉ុណ្ណោះ ខណៈដែលរូបគេសង្ឃឹមថា ក្រុម Juventus នឹងឈ្នះពានបីក្នុងរដូវកាលតែមួយ ជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំ ក្រោយពីលោក Jose Mourinho សម្រេចបាននូវសមិទ្ធផលនេះជាមួយនឹងក្លិប Inter Milan កាលពីឆ្នាំ២០១០។ ក្រុមម្ចាស់ជើងឯករបស់អ៊ីតាលី៣២សម័យកាលមួយនេះ នឹងត្រូវជួបក្រុម Lazio ក្នុងការប្រកួតពាន Italian Cup វគ្គផ្តាច់ព្រ័ត្រ នៅខែក្រោយ ហើយក្រោយពីដណ្តើមបានជ័យជម្នះ ២-០ លើក្រុម Monaco ក្នុងការប្រកួតជើងទី១នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ក្រុមសេះបង្កង់ Juventus កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងទីក្រុង Cardiff។
ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Khedira ដែលមិនបានចូលលេងក្នុងពេលក្រុមខ្លួនដណ្តើមបានជ័យជម្នះកាលពីថ្ងៃពុធដោយសារតែការជាប់ពិន័យព្យួរនោះ បានបញ្ជាក់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើសម្រាប់ក្រុម Juventus។ Khedira បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ថា៖ «អ្នកគាំទ្រមានក្តីសុបិន ដែលជាសុបិនដូចពួកយើងដែរ។ ប៉ុន្តែ យើងមិនមែនជាអ្នកចូលចិត្តសុបិនឡើយ ហើយប្រសិនបើយើងចង់ជម្នះរាល់ឧបស័គ្គផ្សេងៗ យើងនៅតែមានការងារជាច្រើនដែលត្រូវធ្វើពីមុខយើង»។ ប៉ុន្តែ ក្រុម Juventus ដណ្តើមបានជ័យជម្នះ៥លើកពីការប្រកួតក្នុងផ្ទះខ្លួនឯងទាំង៥លើកចុងក្រោយរបស់ពួកគេ ខណៈដែល Torino ឈ្នះតែពីរលើកគត់ពីការប្រកួតក្រៅដី៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕
ប្រភពពី៖ sports.yahoo