ក្រុមបាល់ទាត់បុរស U-22 មីយ៉ាន់ម៉ា បន្តចាញ់មួយប្រកួតទៀតនៅក្នុងដំណើរបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់មកប្រកួតនៅកម្ពុជា។
U-22 មីយ៉ាន់ម៉ា បានទៅកាន់ប្រទេសថៃដើម្បីហ្វឹកហាត់តាំងពីថ្ងៃទី 11 មេសា ក្នុងនោះពួកគេមានការប្រកួតមិត្តភាពចំនួនបួនប្រកួតជាមួយបណ្ដាក្រុមបាល់ទាត់ដែលលេងនៅពានរង្វាន់ Thai League។
ថ្មីៗនេះ U-22 មីយ៉ាន់ម៉ាបានបញ្ចប់ការប្រកួតចុងក្រោយនៃដំណើរបោះជំរំហ្វឹកហាត់របស់ខ្លួន ដោយបានចាញ់ Customs United 0-2។ មុននោះ U-22 មីយ៉ាន់ម៉ាក៏បានចាញ់ Rachaburi FC 0-4 និងចាញ់ Samutsongkhram FC 1-4។ ជ័យជម្នះតែមួយគត់ដែល U-22 មីយ៉ាន់ម៉ាដណ្ដើមបានគឺការប៉ះក្រុម Bangkok FC ក្នុងលទ្ធផល 1-0។
U-22 មីយ៉ាន់ម៉ា បានកោះហៅកីឡាករសរុប 27 នាក់ ដើម្បីត្រៀមខ្លួនសម្រាប់ស៊ីហ្គេមនៅកម្ពុជា។ ប៉ុន្តែ បច្ចុប្បន្ន គ្រួបង្វឹក Michael Feichtenbeiner មិនទាន់មានកីឡាករគ្រប់ចំនួននៅឡើយ ក្នុងនោះកំពូលកីឡាករ Hein Htet Aung ដែលជាក្ដីសង្ឃឹមរបស់មីយ៉ាន់ម៉ា ក៏មិនទាន់បង្ហាញវត្តមាន ព្រោះតែជាប់រវល់ប្រកួតឱ្យក្លឹប Selangor នៅពានរង្វាន់ជើងឯកម៉ាឡេស៊ី។
ក្រៅពី U-22 មីយ៉ាន់ម៉ា ក៏មានពីរក្រុមផ្សេងទៀតដែលស្ថិតក្នុងពូល A នៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 ដែលបោះជំរំហ្វឹកហាត់នៅប្រទេសថៃ នោះគឺ កម្ពុជា និងទីម័រខាងកើត។
នៅស៊ីហ្គេមលើកនេះ U-22 មីយ៉ាន់ម៉ា ស្ថិតក្នុងពូល A ជាមួយ កម្ពុជា ឥណ្ឌូណេស៊ី ហ្វ៊ីលីពីន និងទីម័រខាងកើត។ សម្រាប់ពូល B វិញ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ៕