(ភ្នំពេញ) – ភូមិកីឡាជាទីសម្រាប់ទទួលប្រតិភូកីឡា និងអត្តពលិកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 និង ប៉ារ៉ាហ្គេម លើកទី 12 ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីល្ងាចថ្ងៃទី 20 មេសា 2023។ នេះបើយោងតាមគេហទំព័រ Cambodia2023 ចុះផ្សាយនាព្រឹកថ្ងៃទី 21 មេសា។
ពិធីក្រុងពាលី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកសារព័ត៌មានយ៉ាងច្រើនផងដែរ។
សម្តេចពិជ័យសេនា រំពឹងថា ប្រតិភូកីឡារបស់បណ្ដាប្រទេសដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា នឹងទទួលបាននូវផាសុកភាព ហើយថា ម្ចាស់ផ្ទះកម្ពុជាបានរៀបចំជូនរួចរាល់ជាស្រេច។
ភូមិកីឡាមានគ្រែចំនួន 3,700 ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ភូមិនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ 2020 ដោយក្រុមហ៊ុន World Bridge Sport Village។ ទីនេះនឹងផ្តល់ជាកន្លែងស្នាក់នៅសម្រាប់អត្តពលិក អាជ្ញាកណ្ដាល ចៅក្រម និងប្រតិភូកីឡា ដែលចូលរួមនៅក្នុងស៊ីហ្គេមលើកទី 32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី 12។
យោងតាម CAMSO ក្រៅពីភូមិកីឡាខាងលើ កម្ពុជាក៏បានរៀបចំសណ្ឋាគារចំនួន 11 កន្លែងទៀតក្នុងរាជធានីភ្នំពេញ ដើម្បីទទួលអត្តពលិក មន្ត្រី និងប្រតិភូកីឡា ស្នាក់នៅ។ សណ្ឋាគារទាំងនេះស្ថិតនៅជិតពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍អន្តរជាតិជ្រោយចង្វារ (OCIC) និងទីតាំងប្រកួតមួយចំនួនទៀត៕