Skip to content

នាវា​ទេសចរណ៍​ប្រណិត​អាច​មុជ​ក្រោម​ទឹក​សមុទ្រ​ និង​ធ្វើដំណើរ​បាន​ចម្ងាយ 6,000 គីឡូម៉ែត្រ

ក្រុមហ៊ុន​ហូ​ឡង់ U-Boat Worx បង្ហើប​ឱ្យដឹង​អំពី​រូបភាពដំបូងៗស្ដីពី​រចនា​ខាងក្នុង​របស់ Nautilus ដែលជា​នាវា​ទេសចរណ៍​ប្រណិត​តម្លៃ 25 លាន​ដុល្លារ​អាម៉េរិក។

នាវា Nautilus មាន​បណ្ដោយ 37.5 ម៉ែត្រ និង​ទម្ងន់ 1,250 តោន អាចធ្វើ​សកម្មភាព​ដូច​ទៅនឹង​នាវា​ទេសចរណ៍​ប្រណិត​អណ្តែត​លើទឹក និង​នាវាមុជទឹក។ Nautilus អាច​ប្រែកាយ​ពី​នាវា​អណ្ដែត​លើក​ទឹក ទៅជា​នាវាមុជទឹក​ក្នុងពេល​ស្ថិតនៅលើ​សមុទ្រ។ ក្រុមហ៊ុន U-Boat Worx បាន​ណែនាំ Nautilus នៅក្នុង​ពិព័រណ៍​នាវា​ទេសចរណ៍ Monaco 2022 កាលពី​ចុងឆ្នាំ​កន្លង ហើយ​នេះ​គឺជា​លើកដំបូង​ដែល U-Boat Worx បង្ហាញ​រូបភាព​ស្ដីពី​សម្ភារ​ខាងក្នុង​របស់​នាវា។ នេះ​បើតាម​ទំព័រ New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 19 មេសា។

Nautilus នឹង​អាច​ដឹក​ទេសចរ​បាន 10 នាក់ និង​បុគ្គលិក 7 នាក់។ នាវា​នេះ​ប្រើប្រាស់​ប្រព័ន្ធ​រុញច្រាន​កូនកាត់​ម៉ា​ស៊ូ​ត-អគ្គិសនី ដែល​អាច​បើកបរ​​​ក្នុង​ល្បឿន 17 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើ​ដំណើរ​បាន​ជិត 6,000 គីឡូម៉ែត្រ​ពេល​រត់​​លើ​ផ្ទៃសមុទ្រ។ នៅពេល​មុជទឹក Nautilus អាច​បរ​បាន 6 គីឡូម៉ែត្រ/ម៉ោង នៅ​​ជម្រៅ 150 ម៉ែត្រ និង​ ក្នុង​រយៈពេល 12 ម៉ោងជាប់ៗគ្នា ហើយ​អាចធ្វើ​ដំណើរ​បាន​ប្រហែល 185 គីឡូម៉ែត្រ។

នាវា Nautilus នឹងមាន​កាប៊ីន​ប្រណិត​មួយ​ធំជាងគេ ដែលមាន​បន្ទប់​ងូតទឹក​ដោយឡែក។ ក្រៅពីនេះ វា​ក៏មាន​បន្ទប់​សម្រាប់​ភ្ញៀវ​ចំនួន​បួន​ដែលមាន​គ្រែ​នៅក្បែរ​បង្អួច តុ​កៅអី​សម្រាប់​ធ្វើការ ទូ​ខោអាវ និង​បន្ទប់​ងូតទឹក។

ក្នុង​បន្ទប់​រួម ភ្ញៀវ​អាច​ជជែក​គ្នា និង​មើល​ទូរទស្សន៍​អេក្រង់​ខ្នាត​យក្ស​លំដាប់​ប្រណិត ឬ​ទស្សនា​ពិភព​នៅ​បាត់​សមុទ្រ​តាមរយៈ​បង្អួច​កញ្ចក់​។ បង្អួច​ទាំងអស់​របស់​នាវា​នេះ​សុទ្ធតែ​លិច​ក្នុង​ទឹក សូម្បីតែ​នៅពេល​វាបរ​លើ​ផ្ទៃ​ទឹក។ នាវា​នេះ​ក៏មាន​កន្លែង​​ភេសជ្ជៈ និង​បន្ទប់​ហាត់ប្រាណ​ទំនើប​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *