គ្រូបង្វឹកថៃ Issara Sritaro បានឱ្យដឹងខ្លះៗអំពីព័ត៌មានទាក់ទងនឹងស្ថានភាពធនធានមនុស្សរបស់ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U-22) របស់ប្រទេសនេះ នៅមុនការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 (ស៊ីហ្គេមលើកទី 32)។
កាលពីថ្ងៃទី 20 មេសា U-22 ថៃ បានធ្វើការសាកល្បងកម្លាំងកាយនៅមុនពេលឈានចូលដល់ការហ្វឹកហាត់ចុងក្រោយដើម្បីឆ្ពោះមកកាន់ស៊ីហ្គេមលើកទី 32 នៅកម្ពុជា។
មុននោះ គ្រូបង្វឹក Issara Sritaro បានប្រកាសបញ្ជីឈ្មោះកីឡាករ 29 រូបសម្រាប់ការហ្វឹកហាត់លើកចុងក្រោយនេះ ក្នុងនោះមានទាំងកីឡាករទាត់នៅបរទេសពីរនាក់ រួមមាន Achitphon Kirirom កំពុងទាត់ឱ្យក្លឹប Augsburg II នៅអាល្លឺម៉ង់ និង Chayapipat Suphanphen ទាត់ឱ្យក្លឹប Estoril Praia នៅព័រទុយហ្កាល់។ ក៏ប៉ុន្តែ ថ្មីៗនេះ Sritaro បានជូនដំណឹងមិនល្អដល់អ្នកគាំទ្រទាក់ទងនឹងស្ថានភាពធនធានមនុស្សរបស់ U-22 ថៃ។
លោក Sritaro ឱ្យដឹងថា លទ្ធភាពដែលខ្សែប្រយុទ្ធសំខាន់ Teerasak Poeiphimai ចូលរួមប្រកួតនៅស៊ីហ្គេមលើកទី 32 នៅតែស្រពេចស្រពិល។ «Teerasak បង្ហើបឱ្យដឹងថា តំណាង U-22 ថៃ កំពុងចរចាជាមួយមេដឹកនាំក្លឹប Port FC ស្ដីពីករណីរបស់គាត់» លោក Sritaro បញ្ជាក់ដូច្នេះ ប៉ុន្តែលោកបានអះអាងថា «…បើមិនមាន Teerasak នៅស៊ីហ្គេមលើកទី 32 …យើងមានមនុស្សមកជំនួស»។
Teerasak Poeiphimai ត្រូវបានចាត់ទុកថាជាក្ដីសង្ឃឹមនៅខ្សែប្រយុទ្ធរបស់ U-22 ថៃ នាបច្ចុប្បន្ន។ កីឡាករកើតឆ្នាំ 2002 រូបនេះ រកបាន 6 គ្រាប់រួចហើយក្រោយ 20 ប្រកួតនៅ Thai League នារដូវកាលនេះ។
កីឡាករកម្ពស់ 1.8 ម៉ែត្រ Teerasak ក៏បានបង្ហាញសមត្ថភាពយ៉ាងល្អនៅ Doha Cup 2023 នាពេលកន្លង ដូច្នេះបើសិនមិនមាន Teerasak ក្រុម U-22 នឹងអាចខាតបង់ច្រើននៅស៊ីហ្គេមលើកទី 32។
នៅស៊ីហ្គេម 2023 ក្រុម U-22 ថៃស្ថិតក្នុងពូល B ជាមួយនឹងក្រុមម្ចាស់មេដាយមាសវៀតណាម រួមនឹងក្រុមម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ថៃត្រូវទាត់បើកឆាកជាមួយសិង្ហបុរីនៅថ្ងៃទី 30 មេសាខាងមុខ។ ការប្រកួតដែល U-22 ថៃត្រូវប្រុងប្រយ័ត្នជាងគេគឺការប៉ះនឹងក្រុមវៀតណាមនៅជុំចុងក្រោយនៃវគ្គចែកពូល ដែលនឹងប្រកួតនៅថ្ងៃទី 11 ឧសភា៕