(សហរដ្ឋអាម៉េរិក) – រ៉ុក្កែត Starship បានផ្ទុះនៅលើអាកាសរដ្ឋ Texas បន្ទាប់ពីត្រូវបានបាញ់បង្ហោះចេញពីទម្រនៅក្នុងការសាកល្បងហោះហើរជាលើកដំបូង។
រ៉ុក្កែតដែលមានកម្លាំងខ្លាំងជាងគេបង្អស់របស់ពិភពលោក បានហោះឡើងពីមូលដ្ឋាន Starbase របស់ក្រុមហ៊ុន SpaceX នៅឯឆ្នេរសមុទ្រ Boca Chica ភាគខាងត្បូងរដ្ឋ Texas កាលពីម៉ោង 09 និង 33 នាទី ថ្ងៃទី 20 មេសា ត្រូវនឹងម៉ោង 21 និង 33 នាទី ថ្ងៃទី 20 មេសានៅភ្នំពេញ។
Starship ដែលមានកម្ពស់ 120 ម៉ែត្រ ត្រូវបានបាញ់ឡើងទៅកាន់គន្លងគោចរបន្ទាប់ពីម៉ាស៊ីន Raptor 33 គ្រឿងនៅកំណាត់ដំបូងត្រូវបានបញ្ឆេះ។ តាមគម្រោង កំណាត់លើដែលមានកម្ពស់ 50 ម៉ែត្ររបស់ Starship នឹងផ្ដាច់ខ្លួនពីរ៉ុក្កែត Super Heavy ដែលនៅកំណាត់ដំបូង ប្រហែលបីនាទីក្រោយពីបានហោះឡើង ប៉ុន្តែវាមិនអាចផ្ដាច់ខ្លួនបាន។ រ៉ុក្កែត និងយាន Starship នៅតែជាប់គ្នា និងចាប់ផ្ដើមក្រឡាប់ផ្ដាប់ផ្ងារ ហើយក៏ផ្ទុះនៅក្នុងនាទីទីបួនក្រោយការបាញ់បង្ហោះ។
ទោះជាយ៉ាងណាក៏ដោយ បុគ្គលិករបស់ SpaceX ដែលប្រមូលផ្ដុំគ្នានៅឯទីស្នាក់ការកណ្ដាលរបស់ SpaceX នៅ Hawthorne រដ្ឋ California ដើម្បីតាមដានការបាញ់បង្ហោះ នាំគ្នាស្រែកហ៊ោអបអរនូវអ្វីដែលពួកគេសម្រេចបានក្រោយការបាញ់បង្ហោះលើកដំបូង។ យោងតាម SpaceX រ៉ុក្កែត និងយានបានហោះឡើងដល់កម្ពស់ប្រហែល 39 គីឡូម៉ែត្រ។ នេះគឺជាការប្រឹងប្រែងលើកទីពីរក្នុងការបាញ់បង្ហោះ Starship។ ការធ្វើតេស្តលើកដំបូងកាលពីថ្ងៃទី 17 មេសា ត្រូវបានបញ្ចប់ភ្លាមៗដោយសារតែមានឧបករណ៍ខ្លះត្រូវត្រជាក់ដល់កក។
យោងតាមផែនការនៃការបាញ់បង្ហោះកាលពីម្សិលមិញ Super Heavy នឹងវិលមកចុះចតលើផែនដីប្រហែល 8 នាទីក្រោយពីបានបាញ់បង្ហោះ។ ចំណែកកំណាត់លើនឹងបញ្ឆេះម៉ាស៊ីន Raptor 6 គ្រឿងដើម្បីផ្ដាច់ខ្លួន និងហោះជុំវិញផែនដី។ គោលដៅរបស់ SpaceX គឺការនាំយក Starship ឡើងដល់កម្ពស់ 233 គីឡូម៉ែត្រ ហើយក្រោយមកនឹងចុះចតលើមហាសមុទ្រប៉ាស៊ីហ្វិក មិនឆ្ងាយពីកោះ Kauai របស់ Hawaii ក្រោយពីហោះឡើងបានប្រហែល 90 នាទី។
ក៏ប៉ុន្តែ SpaceX មិនបានរំពឹងថា គ្រប់យ៉ាងនឹងដំណើរការទៅដោយរលូន។ រ៉ុក្កែតថ្មីតែងតែបរាជ័យក្នុងការហោះហើរលើកដំបូង។ យោងតាមតំណាងក្រុមហ៊ុន SpaceX ការសាកល្បងកាលពីថ្ងៃទី 20 មេសា គឺដើម្បីប្រមូលទិន្នន័យ និងសកម្មភាពប្រតិកម្មចំពោះរាល់បញ្ហាដែលកើតឡើង។
Starship រួមមានរ៉ុក្កែតរុញច្រាននៅកំណាត់ដំបូងដែលមានឈ្មោះថា Super Heavy និងកំណាត់ទីពីរក៏មានឈ្មោះថា Starship។ យានទាំងនេះត្រូវបានរចនាឡើងដើម្បីអាចប្រើប្រាស់ឡើងវិញបានទាំងស្រុង ដែលនេះជាគន្លឹះសំខាន់សម្រាប់ការហោះហើរទៅកាន់ពិភពព្រះអង្គារនាពេលអនាគត៕