Skip to content

លោកជំទាវ ជា សេរី “អ្នក​ជំពាក់​ប្រាក់​ធនាគារ​មិនមែនជា​អ្នកក្រ​ទេ”

ភ្នំពេញ៖ ក្នុង​ពិធី​គម្រប់​ខួប 5ឆ្នាំ នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) លោកជំទាវ ជា សេរី ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ការិយាល័យ​ឥណទាន​កម្ពុជា​បាន​មានប្រសាសន៍ថា អ្នក​ដែល​ជំពាក់​ប្រាក់​គេ​មិនមែនជា​អ្នកក្រ​ទេ។

លោកជំទាវ​បាន​លើក​ជា​ឧទាហរណ៍​ថា នៅក្នុង​សកលលោក​នេះ អ្នក​ដែល​ជំពាក់​ប្រាក់​គេ​ដើម្បី​ទិញ​ផ្ទះ​គឺ​កើតមាន​ជាធម្មតា​ហើយ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍ ដូចជា​ប្រទេស​អង់គ្លេស​ជាដើម ពលរដ្ឋ​ភាគច្រើន​គឺ​ជំពាក់​ប្រាក់​គេ​ដើម្បី​ទិញ​ផ្ទះ មិនមែន​ទទួលបាន​កេរដំណែល​បន្ត​ពី​ឪពុកម្តាយ​ដូច​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ «សម្រាប់​ប្រទេស​កម្ពុជា​យើង មួយចំនួន​គឺមាន​ផ្ទះ​ដោយសារ​ឪពុកម្តាយ​ចែក​កេរ​ឱ្យ ប៉ុន្តែ​នៅ​ប្រទេស​គេ ប្រជាជន​ទូទៅ​គឺ​មិន​ទទួលបាន​កេរដំណែល​បន្ត​ពី​ឪពុកម្តាយ​ទេ ហើយ​ពូកគេ​ភាគច្រើន​ខ្ចីលុយ​ធនាគារ​ដើម្បី​យកទៅ​ទិញ​ផ្ទះ។

លោកជំទាវ​សង្កត់ធ្ងន់ថា អ្នក​ជំពាក់​ប្រាក់​ធនាគារ​ដើម្បី​យកមក​រកស៊ី​គឺជា​រឿង​ល្អប្រសើរ កុំ​ឱ្យតែ​ជំពាក់​ប្រាក់​គេ​យកមក​ទិញ​ទូរស័ព្ទ ឬ​ឡាន​ទំនើប​បង្អួត​គេ។ ឧទាហរណ៍​ដូចជា​អ្នកលក់​ចេកអាំង ដំបូង​ខ្ចីលុយ​គេ​ទិញ​ចេក​មក​អាំង​លក់ លុះដល់​លក់យូៗទៅ ចំណេញ​ច្រើន​ខ្ចីលុយ​គេ​ថែម​យកមក​ទិញ​កង់​ទៅ​ដឹក​ចេក​ដល់​ចម្ការ ព្រោះ​ចំណេញ​ជាង​ទិញ​នៅ​ផ្សារ លុះ​ពេល​ទៅ​ដឹក​ដល់​ចម្ការ​ហើយ គាត់​យក​ចេក​មក​លក់​បន្ត ហើយ​អាំង​លក់ខ្លួន​ឯង​ទៀត ដូច្នេះ​គាត់​រឹតតែ​ចំណេញ ប៉ុន្តែ​ការខ្ចី​លុយ​ត្រូវ​ចៀស​ឱ្យបាន​ពី​ការទិញ​សម្ភារ​និយម។ ប្រយ័ត្ន​តែ​ឃើញ​គេ​កាន់​ទូរស័ព្ទ​ទំនើប ស្រាប់តែ​ទៅ​ខ្ចីលុយ​គេ​ទិញ​ទូរស័ព្ទ​ដែរ វា​មិនមែនជា​រឿង​ល្អ​នោះទេ។

លោកជំទាវ​បញ្ជាក់​បន្ថែមថា ពេលខ្លះ​អ្នក​ដែល​មិនមាន​លុយ​ហើយ​មិនបាន​ខ្ចីប្រាក់​គេ ក៏​អាច បាត់​ឱកាស​ក្នុងការ​រកស៊ី​ប្រកប​អាជីវកម្មផ្សេងៗដែរ។ ហើយ​សម្រាប់​អ្នក​ដែលមាន​លទ្ធភាព​ខ្ចី លុយ​គេ​ក៏ត្រូវ​មាន​ភាព​ទទួលខុស​ត្រូវ​ដែរ​ថា ខ្ចី​មក​ក្នុង​បំណង​អ្វី បំណង​រកស៊ី ឬក៏​ទិញ​សម្ភារ​ទូរស័ព្ទដៃ​ទំនើប ឬ​រថយន្ត​ទំនើប?៕

Leave a Reply

Your email address will not be published. Required fields are marked *