«Cambodian Pride» (ស្រលាញ់អ្វីដែលខ្មែរមាន) ជាបទចម្រៀងផ្លូវការរបស់ស៊ីហ្គេមលើកទី 32 ដែលបង្ហោះលើបណ្ដាញសង្គម YouTube ទាក់ទាញអ្នកចូលទស្សនាបានរហូតដល់ជាង 50 លានលើក បន្ទាប់ពីបង្ហោះបាន 10 ថ្ងៃ។
បទចម្រៀងដែលត្រូវបានបង្ហោះលើ YouTube កាលពីថ្ងៃទី 10 មេសា ផលិតដោយផលិតកម្ម Galaxy Navatra។ បទចម្រៀងនេះមាននារីរាំកំដរជិតមួយពាន់នាក់នៅពីក្រោយកំពូលតារាចម្រៀងបួនដួង គឺ ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម ,និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។
គិតមកដល់ល្ងាចថ្ងៃទី 20 មេសា 2023 បទចម្រៀងស៊ីហ្គេមលើកទី 32 មានអ្នកចូលទស្សនាជាង 50,548,000 លើក និងមានការបញ្ចេញមតិជិត 15,000 នាក់។
បទចម្រៀង «Cambodian Pride» ត្រូវបានអ្នកខ្លះចាត់ទុកជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់ កម្ពុជា នៅឆ្នាំ 2023។ នៅលើបណ្ដាញសង្គម ទស្សនិកជនជាច្រើនសរសើរថា បទចម្រៀងនេះងាយស្រួលស្ដាប់ សប្បាយរីករាយ ហើយអត្ថន័យ និងទិដ្ឋភាពពោរពេញដោយលក្ខណៈវប្បធម៌ខ្មែរ។
នៅក្នុង MV នេះ ម្ចាស់ផ្ទះស៊ីហ្គេមលើកទី 32 ក៏បង្ហាញទិដ្ឋភាពមួយចំនួនស្ដីពីពហុកីឡដ្ឋានជាតិមរតកតេជោ រួមនឹងអង្គវត្ត ស្ពានអ្នកលឿង និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាម្ហូបអាហារពិសេសរបស់កម្ពុជាមួយចំនួនផ្សេងទៀត។ រូបភាពនៃវិស័យមួយចំនួន ក្នុងនោះមានទាំងកីឡាគុនខ្មែរក៏ត្រូវបានលើកយកមកបង្ហាញ។
បទចម្រៀងស៊ីហ្គេមលើកទី 32 «Cambodian Pride»
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 05 ដល់ 17 ឧសភា 2023។ ពិធីសម្ពោធបើកការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 05 ឧសភា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ស៊ីហ្គេមលើកនេះនឹងមាន 37 វិញ្ញាសា ក្នុងនោះមាន 36 វិញ្ញាសាមានមេដាយ។ វិញ្ញាសាបាល់ទាត់នឹងប្រព្រឹត្តទៅមុនគេ ពោលគឺចាប់ពីថ្ងៃទី 29 មេសា។