ខ្សែប្រយុទ្ធវ័យក្មេង Stephan El Shaarawy បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុម AS Roma បានលត់ក្រុម Chelsea យ៉ាងចាស់ដៃក្នុងលទ្ធផល 3-០ ដើម្បីឡើងទៅឈរនៅលើកំពូលតារាងនៃពូល C ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។
ការប្រកួតជើងទី2នៅកីឡដ្ឋាន Stadio Olympico របស់ក្រុម Roma ក្រោយពីក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ 3-3 កាលពី2សប្តាហ៍មុនក្នុងទីក្រុងឡុងដ៍ ពិតជាមិនបានផ្តល់ការខកចិត្តដល់អ្នកគាំទ្រចំនួន55០០០នាក់ឡើយ ខណៈដែលលោក Antonio Conte គ្រូបង្វឹករបស់ក្រុម Chelsea បានជួបការខកចិត្តក្នុងពេលវិលទៅកាន់ប្រទេសអ៊ីតាលីវិញ។ El Shaarawy បានរកគ្រាប់បាល់បញ្ចូលទីទាំង2គ្រាប់របស់គេក្នុងតង់ទី1 ដោយគ្រាប់ទី1 បានកើតឡើង ក្រោយពីបានចាប់ផ្តើមលេងក្នុងរយៈពេលតិចជាងមួយនាទី ហើយគ្រាប់បាល់ទី2 បានកើតឡើងនៅរយៈពេល9នាទីចុងក្រោយនៃតង់ទី1 ខណៈដែលកីឡាករប្រេស៊ីល Diego Perotti បានបន្ថែមគ្រាប់បាល់ទី3នៅនាទីទី63។ ស្របពេលជាមួយគ្នានេះ ខ្សែការពារ Layvin Kurzawa បានរកគ្រាប់បាល់បញ្ចូលទី3គ្រាប់ដ៏មិននឹកស្មានដល់ ខណៈដែលក្រុម Paris Saint-Germain បានឈានទៅប្រកួតវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្រោយពីបានកត់ត្រាជ័យជម្នះ 5-០ លើក្រុម Anderlecht ស្របពេលដែលក្រុម Bayern Munich ក៏បានកក់កៅអីទៅវគ្គបន្តផងដែរ។
ក្រុមយក្សរបស់បារាំងមួយនេះ កំពុងតែនាំមុខលើកំពូលតារាង ដោយមាន12ពិន្ទុពេញ ខណៈដែលក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern ក៏បានឈានទៅវគ្គបន្តជាមួយពួកគេផងដែរ ក្រោយពីបានកត់ត្រាជ័យជម្នះ 2-1 នៅលើទឹកដីក្រុម Celtic៕
ប្រភពពី៖ Sport24