ក្រុមហ៊ុន Tesla បានបញ្ចុះតម្លៃរថយន្តអគ្គិសនីជាថ្មីម្ដងទៀតក្នុងខែនេះ ហើយនេះគឺជាការបញ្ចុះតម្លៃលើកទីពីរក្នុងខែមេសា 2023។
យោងតាមគេហទំព័ររបស់ Tesla រថយន្តអគ្គិសនី Tesla Model 3 កំណែស្ដង់ដា RWD ត្រូវបានបញ្ចុះតម្លៃ 2,000 ដុល្លារអាម៉េរិក ស្មើនឹង 4.8% ពោលគឺពីតម្លៃ 41,990 ដុល្លារ មកនៅត្រឹម 39,990 ដុល្លារ។ Tesla Model 3 កំណែខ្ពស់ជាងនេះពុំមានការបញ្ចុះតម្លៃឡើយ។
ចំណែកកំណែចំនួនបីរបស់ Tesla Model Y ក៏សុទ្ធតែត្រូវបានបញ្ចុះតម្លៃ 3,000 ដុល្លារ។ បច្ចុប្បន្ន Tesla Model Y AWD ត្រូវបានលក់ចាប់ពី 46,990 ដុល្លារ ទាបជាង 6% ធៀបនឹងតម្លៃ 49,990 ដុល្លារនៅមុនការបញ្ចុះតម្លៃលើកនេះ។
តារាងបញ្ចុះតម្លៃរបស់រថយន្តអគ្គិសនី Tesla នៅលើទីផ្សារអាម៉េរិក ៖
- Tesla Model 3 RWD: 39,990 ដុល្លារ (-2,000 ដុល្លារ ឬ -4,8% ពី 41,990 ដុល្លារ)
- Tesla Model Y AWD: 46,990 ដុល្លារ (-3,000 ដុល្លារ ឬ -6% ពី 49,990 ដុល្លារ)
- Tesla Model Y Long Range AWD: 49,990 ដុល្លារ (-3,000 ដុល្លារ ឬ -5,7% ពី 52,990 ដុល្លារ)
- Tesla Model Y កំណែលំដាប់ខ្ពស់: 53,990 ដុល្លារ (-3,000 ដុល្លារ ឬ -5,3% ពី 56,990 ដុល្លារ)