(ស្វ៊ីស) – នៅក្នុងការពិសោធ ប្រព័ន្ធប្រតិកម្មថ្មីនេះបង្កើតអ៊ីដ្រូសែនបានប្រហែល 500 ក្រាម/ថ្ងៃ ដែលអាចផ្គត់ផ្គង់អគ្គិសនីបានពាក់កណ្ដាលនៃតម្រូវការ សម្រាប់គ្រួសារតែមានសមាជិកបួននាក់។
ក្រុមវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Lausanne (EPFL) បានបង្កើត និងធ្វើតេស្តជោគជ័យលើប្រព័ន្ធប្រតិកម្មថាមពលព្រះអាទិត្យដែលអាចផលិតអ៊ីដ្រូសែនពីកម្ដៅថ្ងៃ និងទឹក នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 17 មេសា។
ប្រព័ន្ធថ្មីនេះមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ក្នុងការផលិតឧស្ម័នអ៊ីដ្រូសែននោះទេ តែថែមទាំងអាចស្រូបយកអនុផលដែលមានអុកស៊ីសែន និងកម្ដៅដើម្បីទុកប្រើប្រាស់ផងដែរ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវខាងលើនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature Energy។
អ៊ីដ្រូសែនមានតួនាទីសំខាន់នៅក្នុងថាមពលកកើតឡើងវិញ ឬហៅថាថាមពលបៃតង។ មួយក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពដើម្បីផលិតអ៊ីដ្រូសែន គឺការបំបែកទឹកទៅជាមូលេគុលនានាដែលបានបង្កើតទឹក។ សកម្មភាពបំបែកធាតុទឹកដោយប្រើប្រាស់ថាមពលព្រះអាទិត្យត្រូវបានហៅថា សំយោគរស្មីសិប្បនិម្មិត។
ប្រព័ន្ធនេះមានរូបរាងស្រដៀងនឹងចានផ្កាយរណប។ ចាននេះស្រូបយកកម្ដៅពីព្រះអាទិត្យ និងប្រមូលផ្ដុំកម្ដៅប្រហែល 800 ដង បញ្ចូលទៅក្នុងម៉ាស៊ីនប្រតិកម្មរស្មីអគ្គិសនី។ ទឹកត្រូវបានបញ្ចូលទៅក្នុងម៉ាស៊ីននេះ ហើយនៅទីនេះ ថាមពលព្រះអាទិត្យនឹងជួយបំបែកម៉ូលេគុលទឹកទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន។
ក្រៅពីអ៊ីដ្រូសែន អនុផលពីរផ្សេងទៀតគឺអុកស៊ីសែននឹងអាចត្រូវបានយកទៅប្រើប្រាស់ក្នុងមន្ទីរពេទ្យ ឬឧស្សាហកមក្ម ខណៈកម្ដៅនឹងត្រូវបញ្ជូនតាមបណ្ដាញដើម្បីប្រើប្រាស់ក្នុងការដាំទឹក ឬកម្ដៅបរិយាកាសក្នុងអគារនារដូវត្រជាក់។
ប្រតិកម្មរបស់ប្រព័ន្ធខាងលើបង្កើតអ៊ីដ្រូសែនប្រហែល 500 ក្រាម/ថ្ងៃ ដែលអាចផ្គត់ផ្គង់អគ្គិសនីបានពាក់កណ្ដាលសម្រាប់តម្រូវការរបស់គ្រួសារដែលមានសមាជិកបួននាក់ តាមរយៈថ្មផ្ទុកថាមពលអ៊ីដ្រូសែន។
ក្រុមស្រាវជ្រាវខាងលើមានគម្រោងសាងសង់រោងចក្រពិសោធន៍មួយដែលមានកម្លាំងត្រឹមរាប់រយ kW នៅក្នុងកន្លែងផលិតលោហធាតុ។ អ៊ីដ្រូសែននឹងត្រូវបានប្រើប្រាស់ដើម្បីផ្អាប់លោហធាតុ គ្រាដែលកម្ដៅទុកសម្រាប់ដាំទឹក និងអុកស៊ីសែននឹងត្រូវបានផ្គត់ផ្គង់ឱ្យមន្ទីរពេទ្យនៅក្បែរនោះ៕