Skip to content

ស៊ី​ហ្គេម 2023 ៖ ថៃ​កំណត់​គោលដៅ​ដណ្ដើម​មេដាយ​ឱ្យបាន​ច្រើនជាងគេបង្អស់

ប្រតិភូ​កីឡា​របស់​ប្រទេស​ថៃ បានកំណត់​គោលដៅ​យ៉ាងខ្ពស់​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (ស៊ី​ហ្គេម​លើក​ទី 32) ដើម្បី​ដណ្ដើម​តំណែង​លេខ​មួយ​ទូទាំង​ក្រុម។

នៅសល់​ប្រហែល​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ស៊ី​ហ្គេម​លើក​ទី 32 នឹង​ចាប់ផ្ដើម​ការប្រកួត​ជា​ផ្លូវការ​នៅ​កម្ពុជា។ នេះ​គឺជា​ពេលវេលា​ចុងក្រោយ​សម្រាប់​បណ្ដា​ក្រុមកីឡា​ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​ល្អ​បំផុត។

ថ្មីៗនេះ ប្រតិភូ​កីឡា​ថៃ បានកំណត់​គោលដៅ​យ៉ាង​ជាក់លាក់​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ថៃ​ប្ដេជ្ញា​ដណ្ដើម​តំណែង​លេខ​មួយ​ទូទាំង​ក្រុម ដោយ​ត្រូវ​រក​មេដាយមាស​ឱ្យបាន 162 គ្រឿង ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​ក្នុង 7 សម័យកាល​ចុងក្រោយ​របស់​ស៊ី​ហ្គេម។ នៅ​ស៊ី​ហ្គេម​លើក​ទី 24 ថៃ​ដែលជា​ម្ចាស់ផ្ទះ​ដណ្ដើមបាន​មេដាយមាស​សរុប 183 គ្រឿង។ នៅ​ស៊ី​ហ្គេម​បន្តបន្ទាប់ ប្រតិភូ​កីឡា​ថៃ​មានតែ​ពីរលើក​ប៉ុណ្ណោះ​ដែល​ដណ្ដើមបាន​មេដាយមាស​ច្រើនជាង 100 គ្រឿង នោះ​គឺ​នៅ​​ស៊ី​ហ្គេម​លើក​ទី 26 និង​លើក​ទី 27។

ទោះជា​យ៉ាងណាក៏ដោយ អ្នកគាំទ្រ​ខ្លះ​ពិបាក​ក្នុងការ​ជឿជាក់​បាន​ថា ថៃ​អាច​សម្រេចបាន​គោលដៅ​ដែល​បានដាក់​ចេញ​ខាងលើ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុមកីឡា​ថៃ​ដណ្ដើមបាន​មេដាយមាស​តែ 92 គ្រឿង​ប៉ុណ្ណោះ និង​ត្រូវ​ជាប់​លេខ​ពីរ។

នៅក្នុង​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ត្រូវ​បានប្រគល់​ភារកិច្ច​ដណ្ដើម​ឱ្យបាន​មេដាយមាស។ បច្ចុប្បន្ន ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​វៀតណាម និង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម កំពុង​គ្រប់គ្រង​តំណែង​ជើងឯក​នៃ​វិញ្ញាសា​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *