គោ Wagyu ដែលមានរសជាតិឆ្ងាញ់ជាងគេ និងថ្លៃជាងគេបង្អស់លើពិភពលោកត្រូវបានជប៉ុនចាត់ទុកថាជាវត្ថុប្រចាំប្រទេស។
សាច់គោ Wagyu ល្បីឈ្មោះទូទាំងសកលលោក ព្រោះតែសាច់របស់វាឆ្ងាញ់ខ្លាំង ដោយសាច់ និងខ្លាញ់ប្រទាក់ក្រឡាគ្នាគ្មានគូប្រៀប។ ក៏ប៉ុន្តែ តម្លៃរបស់សាច់គោប្រភេទនេះក៏មិនថោកនោះដែរ។ សាច់គោ Wagyu របស់អាម៉េរិកមានតម្លៃប្រហែលតែពី 20 ទៅ 30 ដុល្លារ/គីឡូក្រាម ខណៈសាច់គោ Wagyu របស់ជប៉ុនមានតម្លៃរហូតដល់ពី 200 ទៅ 600 ដុល្លារ/គីឡូក្រាម។
Wagyu ពិតជាទំនិញដ៏សែនថ្លៃ ហើយវាត្រូវបានមេចុងភៅល្បីៗក្នុងពិភពលោកចាត់ទុកថាជាប្រភេទសាច់ដែលឆ្ងាញ់បំផុតដែលមនុស្សអាចទិញបានដោយប្រាក់។ ប៉ុន្តែ មូលហេតុអ្វីខ្លះដែលបានធ្វើឱ្យ Wagyu មានតម្លៃខ្ពស់កប់ពពកដូច្នេះ?
ប្រភពផ្គត់ផ្គង់ដែលមានមិនច្រើន តម្រូវការទីផ្សារខ្ពស់ខ្លាំង និងគុណភាពសាច់ល្អឯក បាននាំឱ្យសាច់គោ Wagyu របស់ជប៉ុន មានតម្លៃខ្ពស់កប់ពពក។ ប៉ុន្តែ ក្រៅពីនេះក៏នៅមានកត្តាផ្សេងៗជាច្រើនទៀតដែលរួមចំណែកធ្វើឱ្យសាច់គោប្រភេទនេះសម្រេចបានកិត្តិនាមខាងលើ។
1-របបអាហាររបស់គោ Wagyu ៖ ម្ចាស់កសិដ្ឋានជ្រើសរើសតែចំណីគុណភាពល្អ មានតម្លៃថ្លៃសម្រាប់ឱ្យគោស៊ី។
2-កសិដ្ឋាន ៖ ដើម្បីឱ្យសាច់គោ Wagyu មានគុណភាពល្អ ម្ចាស់កសិដ្ឋានត្រូវមានកន្លែងចិញ្ចឹមធំទូលាយ ដែលគោអាច «ហាត់ប្រាណ» បានស្រួល និង «លេងសប្បាយ» ដោយសេរី។
3-ពេលវេលាធំធាត់ ៖ គោ Wagyu ដែលត្រូវបានចាត់ទុកថា «ល្មម» គឺត្រូវមានទម្ងន់ចាប់ពី 680 គីឡូក្រាម និងមានអាយុចាប់ពី 400 ទៅ 450 ថ្ងៃ។
4-ភាពផ្ដាច់មុខ ៖ ជប៉ុនបានកំណត់បរិមាណនៃការនាំចេញនូវអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងគោ Wagyu ធ្វើឱ្យពូជគោនេះមិនសូវមានវត្តមានក្នុងពិភពលោក។
5-ភោជនីយដ្ឋានលំដាប់កំពូល ៖ អាហារដែលចម្អិនពីសាច់គោ Wagyu របស់ជប៉ុន គឺមាននៅតែក្នុងភោជនីដ្ឋានលំដាប់កំពូលៗប៉ុណ្ណោះ ព្រោះតែតម្លៃរបស់វាថ្លៃហួសពេក៕