«ពិធីបញ្ចេញទ័ព» របស់ប្រតិភូកីឡាវៀតណាមដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ត្រូវបានធ្វើឡើងនៅឯមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាហាណូយ កាលពីព្រលប់ថ្ងៃទី 19 មេសា។
នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Le Minh Khai បាននិយាយថា «លើកនេះមិនមានអំណោយផលល្អដូចស៊ីហ្គេមលើកទី 31 ប៉ុន្តែ ដោយវៀតណាមមានសមត្ថភាពផ្នែកកីឡានៅក្នុងតំបន់ និងតែងតែស្ថិតក្នុងក្រុមនាំមុខគេចាប់ពីស៊ីហ្គេមទី 22 យើងនឹងសម្រេចបានគោលដៅដែលបានកំណត់ ឬអាចខ្ពស់ជាងនេះ»។
លោក Dang Ha Viet អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានប្រតិភូកីឡាវៀតណាមនៅស៊ីហ្គេមលើកទី 32 បាននិយាយថា ក្រុមវៀតណាមមានសមាជិក 1,003 នាក់ ក្នុងនោះមាន 702 នាក់ជាអត្តពលិក, 189 នាក់ជាគ្រូបង្វឹក, 10 នាក់ជាអ្នកជំនាញ។ ក្រុមវៀតណាមនឹងប្រកួត 30 វិញ្ញាសាក្នុងចំណោម 36 វិញ្ញាសា។ យោងតាមលោក Dang Ha Viet ក្រុមកីឡាវៀតណាមប្ដេជ្ញាចិត្តដណ្ដើមមេដាយមាសឱ្យបានពី 89 ទៅ 120 គ្រឿង។
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 នឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី 05 ឧសភា ដល់ 17 ឧសភា 2023 នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ស៊ីហ្គេមលើកនេះនឹងមានសមាជិកក្រុមកីឡាសរុបចំនួន 12,404 នាក់។
នៅស៊ីហ្គេម 2023 កម្ពុជាលើកយកវិញ្ញាសាចំនួន 37 មកដាក់ឱ្យប្រកួត ក្នុងនោះមាន 36 វិញ្ញាសាមានមេដាយ និងមួយវិញ្ញាសាសម្រាប់សម្ដែង គឺ Teqball (បាល់ទាត់លើតុ)។
តាមផែនការ ក្រុមកីឡាជាច្រើនរបស់វៀតណាមនឹងធ្វើដំណើរមកកម្ពុជានៅព្រឹកថ្ងៃទី 03 ឧសភា ខណៈក្រុមមួយចំនួននឹងត្រូវឆាប់ចេញដំណើរ ដោយសារតែមានវិញ្ញាសាខ្លះត្រូវប្រកួតមុន ក្នុងនោះមានបាល់ទាត់ និងប្រណាំងទូកក្ដោងជាដើម។ល។