ពេលប្រើប្រាស់កម្មវិធី GPT-4 បណ្ឌិត Isaac Kohane ដែលជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៅ Harvard និងជាវេជ្ជបណ្ឌិតមានបទពិសោធន៍ច្រើនក្នុងវិស័យវេជ្ជសាស្ត្រ មានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញសមត្ថភាពរបស់បច្ចេកវិទ្យាបញ្ញានិម្មិត (AI) ដែលអភិវឌ្ឍដោយ OpenAI ។
GPT-4 គឺជាកំណែថ្មីបំផុតក្នុងចំណោមរូបមន្ត AI ដែលកំពុងត្រូវបានប្រើដើម្បីដំណើរការ ChatGPT និង Bing Chat ថ្មីរបស់ក្រុមហ៊ុន Microsoft។ ធៀបទៅនឹង GPT-3.5 មុននេះ GPT-4 «មានការច្នៃប្រឌិតខ្ពស់ជាង និងកម្រិតនៃការសហការក៏ខ្ពស់ជាងពេលណាទាំងអស់» ព្រមទាំងអាច «ដោះស្រាយបញ្ហាលំបាកបានយ៉ាងសុក្រឹត» នេះបើតាម OpenAI ។
ដើម្បីបញ្ជាក់អំពីសមត្ថភាពរបស់ GPT-4 វេជ្ជបណ្ឌិត Isaac Kohane ថ្មីៗនេះបានសហការជាមួយមិត្តរួមការងារពីរនាក់ដើម្បីពិសោធនៅក្នុងបរិស្ថានវេជ្ជសាស្ត្រ។ លទ្ធផលនៃការពិសោធបានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើល។
«ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់នៅពេលនិយាយថា៖ GPT-4 ពូកែជាងវេជ្ជបណ្ឌិតជាច្រើនដែលខ្ញុំធ្លាប់បានដឹង» លោក Isaac Kohane បានឱ្យដឹងនៅក្នុងសៀវភៅ «បដិវត្តន៍ AI ក្នុងវេជ្ជសាស្ត្រ» ដែលជិតត្រូវបានបោះពុម្ពដូច្នេះ។
ក្នុងសៀវភៅខាងលើ Isaac Kohane ឱ្យដឹងថា GPT-4 (ដែលត្រូវបានបង្កើតឡើងកាលពីខែមីនា 2023 ក្នុងទម្រង់សាកល្បងសម្រាប់អ្នកប្រើប្រាស់បង់ប្រាក់) ឆ្លើយត្រូវជាង 90% នូវសំណួរក្នុងសម័យប្រឡងយកវិញ្ញាបនបត្រប្រកបអាជីពជាគ្រូពេទ្យរបស់សហរដ្ឋអាម៉េរិក។
ដូច្នេះ GPT-4 មានសមិទ្ធផលល្អជាងឆ្ងាយធៀបនឹងរូបមន្តបញ្ញានិម្មិតមុនៗរបស់ OpenAI មានដូចជា GPT-3 និង GPT-3.5។ លើសពីនេះ វាថែមទាំងពូកែជាងវេជ្ជបណ្ឌិតមួយចំនួនដែលទទួលបានវិញ្ញាបនបត្រប្រកបរបរជាគ្រូពេទ្យនៅសហរដ្ឋអាម៉េរិកទៅទៀត។
GPT-4 នៅមានសមត្ថភាពលើសពីអ្វីដែលបានរៀបរាប់ខាងលើ។ ក៏ប៉ុន្តែ វាមិនទាន់ល្អ ត្រឹមត្រូវឥតខ្ចោះនៅឡើយ ព្រោះនៅតែមានកំហុសខ្លះដែលត្រូវការមនុស្សកែប្រែបន្ថែមទៀត៕