នៅក្នុងវិញ្ញាសាប្រកួតក្បាច់គុនខ្មែរនៅស៊ីហ្គេមលើកទី 32 ក្រុមកីឡាករជម្រើសជាតិផ្នែកប្រដាល់គុនខ្មែររបស់ប្រទេសវៀតណាម កំពុងត្រៀមខ្លួនសម្រាប់ការដណ្ដើមមេដាយមាស ដោយមានការជ្រោមជ្រែងពីម្ចាស់ជើងឯកពិភពលោកនៃវិញ្ញាសាគុនមួយថៃ ង្វៀន ត្រឹន យុយ ញឹត។
(គឺជាម្ចាស់ជើងឯកពិភពលោក WMF Muay Thai ប្រាំសម័យកាល និងជាម្ចាស់មេដាយ SEA Games 4 សម័យកាលនៅ Muay Thai)
នៅស៊ីហ្គេមលើកទី 32 ម្ចាស់ផ្ទះកម្ពុជានឹងបញ្ចូលវិញ្ញាសាថ្មីមួយចំនួន ក្នុងនោះមានបីវិញ្ញាសាដែលជាអត្តសញ្ញាណវប្បធម៌ជាតិរបស់កម្ពុជា រួមមាន គុនល្បុក្កតោ គុនខ្មែរ និងអុកចត្រង្គ។ ក្នុងចំណោមវិញ្ញាសាទាំងបីនេះ គុនខ្មែរត្រូវបានគេចាប់អារម្មណ៍ជាងគេ ព្រោះតែមានប្រទេសជិតខាងមួយរបស់កម្ពុជា ចាត់ទុកថា គុនខ្មែរគឺជារបស់ពួកគេ។
នៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ វិញ្ញាសាគុនខ្មែរមាន 7 ក្រុមត្រូវចូលរួមប្រកួតដើម្បីដណ្ដើមមេដាយចំនួន 19 គ្រឿង។ ប្រទេសវៀតណាមក៏បានបង្កើតក្រុមជម្រើសជាតិគុនខ្មែរ និងកំពុងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតនៅស៊ីហ្គេមលើកនេះ ដោយមានការជួយជ្រោមជ្រែងពីកីឡាករប្រដាល់ ង្វៀន ត្រឹន យុយ ញឹត (Nguyễn Trần Duy Nhất) ដែលជាម្ចាស់ជើងឯកពិភពលោកនៃវិញ្ញាសាគុនមួយថៃ។ ម្ចាស់ជើងឯករូបនេះបានក្លាយជាជំនួយការគ្រូបង្វឹករបស់ក្រុមគុនខ្មែរជម្រើសជាតិវៀតណាម។
ដោយមានវត្តមានរបស់ ង្វៀន ត្រឹន យុយ ញឹត ក្រុមគុនខ្មែរជម្រើសជាតិវៀតណាម កំពុងតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការដណ្ដើមមេដាយមាសនៅឯព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 ដែលនឹងធ្វើឡើងនៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ៕