ខ្សែប្រយុទ្ធ Ronaldo Kwateh រងរបួស ធ្វើឱ្យក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់ឥណ្ឌូណេស៊ី ប្រឈមនឹងការខូចប្រយោជន៍ធំនៅស៊ីហ្គេមលើកទី 32។
កាលពីព្រលប់ថ្ងៃទី 16 មេសា U-22 ឥណ្ឌូណេស៊ីមានការប្រកួតមិត្តភាពជើងទីពីរជាមួយនឹងក្រុម U-22 លីបង់ នៅក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ 2023 (ស៊ីហ្គេមលើកទី 32)។ ជាលទ្ធផល ក្រុមបាល់ទាត់របស់ដែនដីសម្បូរកោះសងសឹកបានជោគជ័យបន្ទាប់ពី Putra Beckham ស៊ុតបញ្ចូលទីបានមួយគ្រាប់ នាំឱ្យឥណ្ឌូណេស៊ីឈ្នះ 1-0។
ក៏ប៉ុន្តែ កូនសិស្ស និងគ្រូបង្វឹក Indra Sjafri របស់ឥណ្ឌូណេស៊ី បានទទួលដំណឹងអាក្រក់មួយស្ដីពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធសំខាន់ Ronaldo Kwateh។ U-22 ឥណ្ឌូណេស៊ីមានហានិភ័យបាត់បង់កំពូលថ្វីជើងកើតឆ្នាំ 2004 រូបនេះនៅស៊ីហ្គេមលើកនេះ។
Ronaldo Kwateh បានរងរបួសនៅនាទីទី 35 ក្នុងគ្រាឥណ្ឌូណេស៊ីកំពុងប្រកួតជាមួយលីបង់។ កំពូលថ្វីជើងរូបនេះបានប៉ះទង្គិចនឹងផ្ទាំងផ្សាយពាណិជ្ជកម្មពេលកំពុងប្រឹងសង្គ្រោះបាល់។ Ronaldo Kwateh ក៏ត្រូវបានក្រុមគ្រូពេទ្យលើកដាក់លើហ្វ្រង់កា នាំចេញទៅព្យាបាល។ ករណីរបួសរបស់ Ronaldo Kwateh ធ្វើឱ្យគ្រូបង្វឹករបស់ឥណ្ឌូណេស៊ីព្រួយបារម្ភខ្លាំង ព្រោះថា ស៊ីហ្គេមនៅកម្ពុជាជិតចូលមកដល់ហើយ។
«ខ្ញុំបានចួប Ronaldo។ ប៉ុន្តែ ខ្ញុំមិនទាន់បានទទួលរបាយការណ៍លំអិតស្ដីពីស្ថានភាពរបស់គាត់។ សង្ឃឹមថាគ្រប់យ៉ាងមិនគួរឱ្យបារម្ភពេកទេ» គ្រូបង្វឹក Indra Sjafri និយាយដូច្នេះ និងបន្ថែមថា ស្ថានភាពរបួសរបស់ Ronaldo អាចត្រូវបានបញ្ជាក់នៅល្ងាចថ្ងៃទី 17 មេសានេះ។
នៅស៊ីហ្គេមលើកទី 32 ក្រុម U-22 ឥណ្ឌូណេស៊ីស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ហ្វ៊ីលីពីន មីយ៉ាន់ម៉ា និងទីម័រខាងកើត។ តាមគម្រោង U-22 ឥណ្ឌូណេស៊ីនឹងធ្វើដំណើរមកកាន់កម្ពុជានៅថ្ងៃទី 26 មេសា បីថ្ងៃមុនការប្រកួតបើកឆាកជាមួយក្រុមហ្វ៊ីលីពីន៕