កំពូលខ្សែភាពយន្តគំនូរជីវចល «The Super Mario Bros. Movie» ទទួលបានសមិទ្ធផលល្អនៅឯបញ្ជរលក់សំបុត្រ នៅពេលរកចំណូលបានជាង 508.7 លានដុល្លារអាម៉េរិក ក្រោយការបញ្ចាំងបានជាងមួយសប្ដាហ៍។
មុននេះពីរថ្ងៃ «The Super Mario Bros. Movie» រកប្រាក់ចំណូលបាន 260.3 លានដុល្លារអាម៉េរិកនៅអាម៉េរិកខាងជើង និង 248.4 លានដុល្លារនៅតាមបណ្ដាប្រទេស និងដែនដីផ្សេងទៀត។ សមិទ្ធផលនេះបានជួយឱ្យ «Super Mario Bros. Movie» បំបែកកំណត់ត្រាស្ដីពីខ្សែភាពយន្តបំប្លែងពីហ្គេមអេឡិចត្រូនិកដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេនៅគ្រប់សម័យកាល ដោយបាន «ផ្ដួល» Warcraft (439 លានដុល្លារ) ដែលបង្កើតឡើងកាលពីឆ្នាំ 2016។ ភាពយន្តនេះក៏បានយកឈ្នះលើ «Ant-Man and the Wasp: Quantumania» ក្លាយជាអ្នកនាំមុខគេនៅបញ្ជរលក់សំបុត្រនៅទូទាំងសកលលោក គិតចាប់ពីដើមឆ្នាំនេះ។
«Super Mario Bros. Movie» ត្រូវបានផលិតឡើងដោយផលិតកម្ម Nintendo សហការជាមួយ Illumination និង Universal។ Shigeru Miyamoto ដែលជាស្ថាបនិករបស់បណ្ដាហ្គេម Super Mario Bros ក៏ចូលរួមផលិតភាពយន្តខាងលើ។ ចំណែក Aaron Horvath និង Michael Jelenic ដែលជាអ្នកនៅពីក្រោយភាពជោជ័យរបស់ «Teen Titans Go!» គឺជាអ្នកដឹករឿង។ «Super Mario Bros. Movie» ត្រូវបាននិពន្ធដោយ Matthew Fogel។
ខ្លឹមសារនៃសាច់រឿង «Super Mario Bros. Movie» និយាយពីបងប្អូន Mario និង Luigi ដែលជួបប្រទះការលំបាកនៅពេលសម្រេចចិត្តបើកក្រុមហ៊ុនជួសជុលទូយោទឹកនៅ Brooklyn (សហរដ្ឋអាម៉េរិក)។ ថ្ងៃមួយ ពេលកំពុងរកវិធីជួសជុលលូទឹកក្រោមដីរបស់ទីក្រុង ពួកគេក៏ត្រូវស្រូបចូលទៅក្នុងបំពង់អាថ៌កំបាំង នាំទៅកាន់ទឹកដីចម្លែកមួយ។ Mario វង្វេងទៅដល់រាជាណាចក្រផ្សិត ជាទីដែលគាត់បានជួបមិត្តថ្មី Toad និងព្រះនាង Peach។ ចំណែក Luigi ត្រូវនាំទៅដល់តំបន់ងងឹត ជាទឹកដីដែលគ្រប់គ្រងដោយស្ដេចបីសាចអណ្ដើត Bowser។ Mario ក៏សហការជាមួយព្រះនាង Peach ដើម្បីស្វែងរកវិធីប្រឆាំងនឹងសត្រូវ និងរំដោះប្អូនប្រុស។
ភាពយន្តគំនូរជីវចលនេះប្រើប្រាស់ទុន 100 លានដុល្លារអាម៉េរិក។ ក្រុមអ្នកជំនាញវាយតម្លៃថា ខ្ទង់ប្រាក់នេះគឺសមស្រប។ បណ្ដាផលិតកម្មមានដូចជា Pixar និង Disney ជាដើម តែងចំណាយច្រើនជាងនេះទ្វេដងសម្រាប់គម្រោងដូចទៅនឹងប្រភេទភាពយន្តរបស់ «Super Mario Bros. Movie» ។
«Super Mario Bros. Movie» ត្រូវបានផលិតឡើងដោយផលិតកម្ម Nintendo សហការជាមួយ Illumination និង Universal
«Super Mario Bros. Movie» គឺជាភាពយន្តគំនូរជីវចលដែលមានការគាំទ្រច្រើនជាងគេលំដាប់ទីពីរលើពិភពលោក នៅឯបញ្ជរលក់សំបុត្រចូលទស្សនាក្នុងរោងកុន គិតចាប់ពីឆ្នាំ 2019 ដោយយកឈ្នះលើ «Demon Slayer the Movie: Mugen Train (494 លានដុល្លារអាម៉េរិក) និងឈរពីក្រោយ «Minions: The Rise of Gru» របស់ Illumination (942.5 លានដុល្លារ)។ ក្រុមអ្នកវិភាគនិយាយថា «Super Mario Bros. Movie» ប្រាកដជានឹងមានវគ្គពីរ៕