ស្ថានីយអវកាសចិន Tiangong ដែលបច្ចុប្បន្នជាកន្លែងធ្វើការរបស់ក្រុមអវកាសចរនៃយានអវកាស Shenzhou 15 អាចកែច្នៃប្រភពផ្គត់ផ្គង់អុកស៊ីសែនបាន 100% តាមរយៈប្រព័ន្ធរបស់ស្ថានីយនេះ។
ព័ត៌មានថ្មីខាងលើត្រូវបានលើកឡើងក្នុងសន្និសីទបច្ចេកវិទ្យាចក្រវាលដែលបានធ្វើឡើងនៅក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន។ នេះបើតាមទំព័រ Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 15 មេសា។
ជាបច្ចេកវិទ្យាសំខាន់សម្រាប់បេសកកម្មអវកាសមានមនុស្សរបស់ចិន ប្រព័ន្ធកែច្នៃអុកស៊ីសែនឡើងវិញនេះគាំទ្រដល់ភាវរស់ និងគ្រប់គ្រងបរិស្ថាន បង្កើតបានជាលក្ខខណ្ឌអំណោយផលជាមូលដ្ឋានសម្រាប់ជីវិត ទន្ទឹមនឹងការកសាងបរិស្ថានធ្វើការដែលគួរឱ្យចង់រស់នៅសម្រាប់អ្នកអវកាស ដោយវាធានាបាននូវសុវត្ថិភាព និងសុខភាព។
ប្រព័ន្ធថ្មីខាងលើនេះរួមមាន ប្រព័ន្ធតូចៗចំនួន 6 ដែលមានតួនាទី ៖ ផលិតអុកស៊ីសែនដោយការបំបែកទឹកទៅជាអុកស៊ីសែន និងអ៊ីដ្រូសែន, បំបាត់កាបូន និងឧស្ម័នពុល, សម្អាតទឹកនោម, សម្អាតទឹក, ផលិតទឹកដោយប្រើប្រាស់ CO2 និងអ៊ីដ្រូសែន។
មេបញ្ជាការរបស់ក្រុមហោះហើរនៃយានអវកាស Shenzhou 15 លោក Fei Junlong និយាយថា លោកមានមោទកភាពនៅពេលបានឃើញការរីកចម្រើនរបស់បច្ចេកវិទ្យាគាំទ្រដល់ភាវរស់របស់ប្រព័ន្ធកែច្នៃអុកស៊ីសែន។ លោក Fei Junlong បន្ថែមថា មានអារម្មណ៍ល្អនៅពេលធ្វើការ និងរស់នៅលើស្ថានីយអវកាសបានជាង 100 ថ្ងៃ៕