បណ្ដាញសង្គម Twitter ត្រូវបានគេជឿថា លែងដំណើរការដោយឯករាជ បន្ទាប់ពីត្រូវបានបញ្ចូលទៅក្នុងក្រុមហ៊ុនទើបបង្កើតថ្មីដែលមានឈ្មោះថា X Corp ។
ព័ត៌មានខាងលើត្រូវបានលើកឡើងនៅក្នុងឯកសារដែលដាក់ឡើងទៅកាន់តុលាការ California កាលពីថ្ងៃទី 04 មេសា ទាក់ទិននឹងបណ្ដឹងរបស់សកម្មជន Laura Loomer ប្រឆាំងនឹងក្រុមហ៊ុន Twitter និង Jack Dorsey ដែលជាសហស្ថាបនិក និងអតីត CEO របស់ Twitter ។ នេះបើតាមទំព័រ Bloomberg ។
យោងតាមឯកសារខាងលើ Twitter «លែងមានវត្តមាន» បន្ទាប់ពីត្រូវបានច្របាច់បញ្ចូលគ្នាជាមួយនឹង X Corp ដែលបង្កើតឡើងកាលពីថ្ងៃទី 09 មីនា។
ឆ្លើយតបនឹងព័ត៌មាននេះ មហាសេដ្ឋី Elon Musk បានបង្ហោះសារ «X» លើទំព័រផ្ទាល់ខ្លួន ប៉ុន្តែមិនបានសរសេរអ្វីបន្ថែម។ អ្នកជំនាញមួយចំនួនវាយតម្លៃថា សកម្មភាពនេះគឺជាសញ្ញាបង្ហាញថា លោក Musk បានធ្វើសកម្មភាពថ្មីចំពោះ Twitter ក្រោយពេលចូលគ្រប់គ្រងបានជាងកន្លះឆ្នាំ។
លោក Musk កន្លងទៅនេះ បាននិយាយជាច្រើនដងអំពីគំនិតបង្កើតកម្មវិធីដូចទៅនឹង WeChat របស់ចិន ហើយការទិញយក Twitter គឺជាផ្នែកមួយនៃផែនការនេះ។ «ការទិញ Twitter គឺជាវិធីដើម្បីជំរុញការបង្កើត X ដែលជាសកម្មវិធីផ្ទុកគ្រប់យ៉ាង» លោក Musk ថ្លែងដូច្នេះកាលពីខែតុលាឆ្នាំមុន។
មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ មិនបាននិយាយលម្អិតអំពីកម្មវិធី X ប៉ុន្តែបានអះអាងថា ការទិញ Twitter ជួយ «ពន្លឿងដំណើរការអភិវឌ្ឍ X ពីបីទៅប្រាំងឆ្នាំ»៕