គ្រូបង្វឹកក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំរបស់ប្រទេសឡាវ (U-22 ឡាវ) បានហៅកីឡាករចំនួន 25 នាក់ ឱ្យមកត្រៀមខ្លួនសម្រាប់ចូលប្រកួតស៊ីហ្គេមនៅកម្ពុជា ក្នុងនោះមានកំពូលកីឡាករបីនាក់ដែលកំពុងប្រកួតនៅប្រទេសបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក។
យោងតាមសហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) គ្រូបង្វឹក Michael Weiss របស់ U-22 ឡាវ ថ្មីៗនេះបានប្រកាសបញ្ជីឈ្មោះកីឡាករ 25 នាក់ ដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 (ស៊ីហ្គេមលើកទី 32) ដែលនឹងធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី 29 មេសាខាងមុខ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្នុងចំណោមកីឡាករខ្លាំងៗចំនួន 25 នាក់នោះ មានកីឡាករបីនាក់កំពុងទាត់ឱ្យក្លឹបនៅប្រទេសបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក រួមមាន ខ្សែការពារ Theo Klein, ខ្សែបម្រើ Roman Angot និងខ្សែប្រយុទ្ធ Victor Yovinasak។
ក្នុងចំណោមកីឡាខ្លាំងៗទាំងបីនាក់ខាងលើ ខ្សែការពារ Theo Klein ដែលជាកូនកាត់ឡាវ-អាម៉េរិក កំពុងទាត់ឱ្យក្លឹបរបស់អាម៉េរិក ត្រូវបានគេចាប់អារម្មណ៍ខ្លាំង។
លំដាប់ទីពីរគឺជាខ្សែបម្រើ Roman Angot ដែលជាកីឡាករឡាវដើមកំណើតបារាំង និងត្រូវបានបណ្ដុះបណ្ដាលក្នុងបរិស្ថានបាល់ទាត់អាជីពតាំងពីក្មេង។ Angot កំពុងលេងឱ្យក្លឹប Bahlinger នៅអាល្លឺម៉ង់។
ចុងក្រោយគឺកីឡាករខ្សែប្រយុទ្ធ Victor Yovinasak ដែលកំពុងទាត់ឱ្យក្រុម Montceau នៅឯពានរង្វាន់លំដាប់ទីបួននៅប្រទេសបារាំង។
គេអាចនិយាយបានថា កំពូលកីឡាករទាំងបីនាក់ខាងលើ ទំនងជាអាចជួយឱ្យ U-22 ឡាវ ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅស៊ីហ្គេមលើកនេះ ពិសេសគឺក្នុងពូល B ដែលមាន ថៃ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។
ក្រៅពីកីឡាករខាងលើ ឡាវក៏នៅមានខ្សែប្រយុទ្ធដើមកំណើតឡាវ Peeter Phanthavong ដែលត្រូវបានវាយតម្លៃថាជាជើងខ្លាំងមួយរូបរបស់ U-22 ឡាវផងដែរ។ កីឡាកររូបនេះ បច្ចុប្បន្នទាត់ឱ្យក្លឹប Ezra នៅពានរង្វាន់ជើងឯកថ្នាក់ជាតិឡាវ។
ក្រុម U-22 ឡាវ បានទៅកាន់អារ៉ាប៊ីសាអូឌីតដើម្បីហ្វឹកហាត់កាលពីថ្ងៃទី 11 មេសា។ បន្ទាប់មក ពួកគេនឹងមានវត្តមាននៅរាជធានីភ្នំពេញនៅថ្ងៃទី 25 មេសា ដើម្បីចូលរួមប្រកួតនៅស៊ីហ្គេម។ យោងតាមកាលបរិច្ឆេទ U-22 ឡាវនឹងប៉ះវៀតណាមនៅក្នុងការប្រកួតដំបូងនាថ្ងៃទី 30 មេសា នៅឯកីឡដ្ឋានព្រីសន៍៕