ជារឿងមួយដែលគួរឱ្យចាប់អារម្មណ៍បំផុត ខណៈដែលពេលនេះមហាសេដ្ឋីដែលមានប្រាក់លំដាប់ពាន់លានដុល្លារអាមេរិកឡើងទៅ ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងទ្វីបអាស៊ីច្រើនជាងសហរដ្ឋអាមេរិក។
របាយការណ៍មួយចេញផ្សាយដោយ UBS និង Price Water House Coopers បានបង្ហើបឱ្យដឹងថា ក្នុងឆ្នាំ 2016 កន្លងទៅ មានមហាសេដ្ឋីថ្មីកើនឡើងប្រមាណជា 17% គិតជាទឹកប្រាក់ប្រមាណជា 6 លានលានដុល្លារសហរដ្ឋអាមេរិក ដោយការរីកធំធាត់នេះ ភាគច្រើនបានមកពីផ្នែកធុរកិច្ចនៅក្នុងប្រទេសចិនជាចម្បង ដែលរឿងនោះបានធ្វើឱ្យកើតមានមហាសេដ្ឋីជនជាតិចិនមានប្រាក់លំដាប់ “ពាន់លាន” មានចំនួនច្រើនជាងសហរដ្ឋអាមេរិកជាលើកដំបូង តែទោះជាយ៉ាងដូច្នេះមែន ក៏មហាសេដ្ឋីសញ្ជាតិអាមេរិកនៅតែគ្រប់គ្រងភាពជាអ្នកមានទ្រព្យសម្បត្តិរឹងមាំខ្លាំងជាងក្នុងរង្វង់ 2.8 លានលានដុល្លារអាមេរិកដែរ ចំណែកអាស៊ីនៅតែតាមពីក្រោយក្នុងរង្វង់ 1.9 លានលានដុល្លារអាមេរិកដដែល។
ខណៈពេលជាមួយគ្នា ការកើនឡើងនៃសេដ្ឋកិច្ចក្នុងអឺរ៉ុបវិញ បែរជាមើលទៅគ្មានការប្រែប្រួលអ្វីជាដុំកំភួនឡើយ។ ទាំងអស់នេះ UBS បានវិភាគថា ដោយសារតែបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុបមានការធ្វើធុរកិច្ចបែបជាអនុរក្សនិយម រួមទាំងមានច្បាប់វិន័យដែលម៉ឺងម៉ាត់ខ្លាំង ទើបក្លាយជារឿងពិបាកដែលចំនួនមហាសេដ្ឋីនឹងពង្រីកខ្លួននៅពេលប្រៀបធៀបជាមួយទ្វីបអាស៊ី។
យ៉ាងណាក៏ដោយ ភាពគួរឱ្យចាប់អារម្មណ៍របស់របាយការណ៍នោះគឺ អាស៊ីបានក្លាយជាភូមិភាគដែលមានការរីកច្រើនឡើងរបស់មហាសេដ្ឋីថ្មីៗរៀងរាល់ 3 សប្ដាហ៍ ដែលបណ្ដាលមកពីការវិនិយោគទុនរបស់រដ្ឋក្នុងប្រទេសចិន ជាពិសេសនយោបាយការវិនិយោគក្រោមឈ្មោះរដ្ឋរបស់លោក ស៊ី ជីនភីង ដែលទើបនឹងបានទទួលការជ្រើសតាំងឱ្យគ្រប់គ្រងតំណែងបន្តទៀត 5 ឆ្នាំទៀតផងនោះ ក៏នឹងរឹតតែធ្វើឱ្យឱកាសនៃការរីកធំធាត់របស់មហាសេដ្ឋីចិននៅតែកើនឡើងជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយ នៅមានរឿងដែលគួរឱ្យចាប់អារម្មណ៍មួយប្រការទៀត នោះគឺ បណ្ដាក្រុមអ្នកមានក្នុងយុគបច្ចុប្បន្នកំពុងផ្ដល់ចំណាប់អារម្មណ៍ទៅលើផ្នែកសិល្បៈ និងកីឡាយ៉ាងខ្លាំងទៀតផង ជាពិសេសផ្នែកសិល្បៈ អាចរាប់បានថា ជាការលើកកម្រិតឡើងទាំងក្នុងន័យឋានៈ និងទ្រព្យសម្បត្តិ ដូចជាការដេញថ្លៃផ្ទាំងគំនូររបស់វិចិត្រករ Jean-Michel Basquiat ដែលមានតម្លៃខ្ពស់ដល់ទៅ 110.5 លានដុល្លារអាមេរិក រួមទាំង ក្លិបកីឡាកំពូលៗទាំង 140 លើពិភពលោក ក៏មានមហាសេដ្ឋីល្បីៗដល់ទៅ 109 នាក់កំពុងធ្វើជាម្ចាស់ផងដែរ៕
ប្រភព៖ Bloomberg
ប្រែសម្រួលដោយ៖ តាវ៉ែនតា