ក្រុមហ៊ុន BYD នឹងដាក់បង្ហាញរថយន្តអគ្គិសនីប្រណិត U9 ចាប់ពីថ្ងៃទី 18 មេសា ក្រោមយីហោបុត្រសម្ព័ន្ធ Yangwang។ អ្នកនឹងបានឃើញថា រថយន្តអគ្គិសនីនេះពិតជាចេះរាំចុះឡើង។
មួយសប្ដាហ៍មុនពិព័រណ៍រថយន្តនៅ Shanghai ក្រុមហ៊ុនចិន BYD បានចាប់ផ្ដើមបង្ហាញ Yangwang U9 នៅក្នុងព្រឹត្តិការណ៍បង្ហាញបច្ចេកវិទ្យា ដែលណែនាំអំពីប្រព័ន្ធគ្រប់គ្រងដងខ្លួនរថយន្តបែបឆ្លាតវៃដែលត្រូវបានហៅថា DiSus។ បច្ចេកវិទ្យាថ្មីបំផុតរបស់ BYD ត្រូវបានបង្ហាញនៅលើបណ្ដារថយន្តអគ្គិសនីដែលជិតត្រូវបានបង្ហាញខ្លួនក្រោមផ្លាកក្រុមហ៊ុនបុត្រសម្ព័ន្ធ Yangwang ដែលត្រូវបានណែនាំលើកដំបូងកាលពីដើមខែមករា 2023។
ក្នុងពិធីធ្វើបទបង្ហាញនោះ BYD បានបង្ហើបឱ្យដឹងអំពីថ្នាលបច្ចេកវិទ្យា e4 របស់ខ្លួន ដែលត្រូវបានបំពាក់លើ SUV Yangwang U8 និងជិតបង្ហាញវត្តមានក្នុងទីផ្សារ។
ប្រព័ន្ធគ្រប់គ្រងដងខ្លួនថ្មីរបស់ BYD គឺ DiSus-X ដែលបំពាក់លើរថយន្តអគ្គិសនី Yangwang U9 អនុញ្ញាតឱ្យរថយន្តរាំ ប្ដូរកម្ពស់ និងអាចលោតឡើងផុតពីដី។ ជាងនេះ Yangwang U9 ក៏អាចបរនៅលើកង់ចំនួនបីផងដែរ។
រថយន្តអគ្គិសនីប្រណិតដែលជិតត្រូវបានដាក់បង្ហាញជាផ្លូវការនេះមានម៉ូទ័រអគ្គិសនីចំនួនបួនគ្រឿង អាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រ/ម៉ោងដោយប្រើពេលពីរវិនាទី និងមានតម្លៃចាប់ពីប្រហែល 150,000 ដុល្លារអាម៉េរិក៕