Tesla បានឈ្នះ Mercedes-Benz និង Toyota ហើយបានក្លាយជាម៉ាករថយន្តដែលមានតម្លៃបំផុតនៅទូទាំងសកលលោក។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាម៉េរិក Tesla បានលោតឡើងពីរកាំនៅក្នុងបញ្ជីស្ដីពីបណ្ដាម៉ាកយីហោរថយន្តដែលមានតម្លៃខ្ពស់ជាងគេ ហើយបច្ចុប្បន្នត្រូវបានកំណត់តម្លៃ 66.2 ពាន់លានដុល្លារអាម៉េរិក។
Tesla បានឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ មកដល់ឆ្នាំ 2023 ក្រុមហ៊ុននេះត្រូវបានវាយតម្លៃថា «វិជ្ជមាន»។ ថ្វីបើតម្លៃភាគហ៊ុនរបស់ Tesla នៅតែមិនកើនឡើងខ្លាំងដូចការរំពឹងទុករបស់អ្នកវិនិយោគមួយចំនួន តម្លៃរបស់យីហោ Tesla ក៏កំពុងតែកើនឡើង ខណៈដែលបណ្ដាម៉ាករថយន្តដទៃកំពុងធ្លាក់ចុះ។
តម្លៃរបស់ក្រុមហ៊ុន Tesla បានកើនប្រហែល 44% ហើយក៏នាំមុខគេក្នុងបញ្ជីចំណាត់ថ្នាក់ នេះបើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Brand Finance ។ របាយការណ៍របស់ Brand Finance ឱ្យដឹងថា នេះគឺជាលើកដំបូងដែល Tesla ឈរលើកំពូលតារាងស្ដីពីបណ្ដាម៉ាករថយន្តដែលមានតម្លៃខ្ពស់បំផុត ហើយក៏ជាលើកទីមួយដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តនាំមុខគេក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ។
Brand Finance ក៏បានបញ្ជាក់ថា តម្លៃបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla គឺខ្ពស់ជាងប្រាំដងធៀបនឹងតម្លៃនៅមុនវិបត្តិកូវីដ-19។ ម៉ាករថយន្ត Mercedes-Benz ដែលឈរលើកំពូលតារាងចំណាត់ថ្នាក់កាលពីឆ្នាំមុន បច្ចុប្បន្នថយចុះ 3% មកនៅត្រឹម 58.8 ពាន់លានដុល្លារអាម៉េរិក។
ចំណែក Toyota វិញ ឆ្នាំនេះនៅតែរក្សាបាននូវកម្រិតដូចទៅនឹងចំណាត់ថ្នាក់លេខពីររបស់ខ្លួនកាលពីឆ្នាំ 2022 តែតម្លៃម៉ាករបស់វាបានធ្លាក់ថ្លៃអស់ 18% មកនៅត្រឹម 52.5 ពាន់លានដុល្លារអាម៉េរិក៕