(ប៊ុលហ្ការី) – Studio Half Company រចនាប្រព័ន្ធខ្សែកាបដែលមានកាប៊ីនដឹកមនុស្ស និងទំនិញនៅខាងលើផ្លូវថ្នល់ក្នុងទីក្រុង បញ្ជាដោយបញ្ញានិម្មិត (AI)។
ប្រព័ន្ធកាប៊ីនខ្សែកាបដែលមានឈ្មោះថា Halfgrid នេះ អាចបញ្ជាកាប៊ីនដឹកអ្នកដំណើរ និងទំនិញទៅមកនៅក្នុងទីក្រុង។ ថ្វីបើមិនទាន់ដំណើរការ ប៉ុន្តែ ក្រុមហ៊ុន Studio Half Company កំពុងស្វែងរកទីក្រុងដើម្បីធ្វើតេស្តប្រព័ន្ធគំរូ។
អ្នកដំណើរ ឬអតិថិជនត្រូវកក់កាប៊ីនរបស់ប្រព័ន្ធនេះតាមរយៈកម្មវិធីទូរស័ព្ទ។ ប្រព័ន្ធ AI នឹងរៀបចំកាលបរិច្ឆេទនៃការធ្វើដំណើរ និងស្វែងរកកាប៊ីនដែលសបស្របបំផុត។
ប្រព័ន្ធខ្សែកាប់ស្ដង់ដា ប្រើប្រាស់កងចក្រខ្នាតធំដើម្បីអូសកាប៊ីនទៅតាមបណ្ដោយខ្សែកាប ខណៈដែលកាប៊ីនតោងជាប់ទៅនឹងខ្សែកាបដែលកំពុងផ្លាស់ទី។ ចំណែកប្រព័ន្ធ Halfgrid វិញ កាប៊ីនផ្លាស់ទីជំនួសខ្សែកាប។ ប្រការនេះអនុញ្ញាតឱ្យកាប៊ីនធ្វើដំណើរទៅកាន់ខ្សែកាប់មួយណាក៏បាន។ Halfgrid ក៏កាត់បន្ថយបានច្រើននូវបរិមាណគ្រឿងបង្គុំចាំបាច់។
ប្រព័ន្ធកាប៊ីនខ្សែកាប Halfgrid របស់ក្រុមហ៊ុនប៊ុលហ្ការី Half Company
Halfgrid គឺជាគំនិតរបស់ក្រុមហ៊ុន Half Company នៅប្រទេសប៊ុលហ្ការី។ ពួកគេបង្កើតប្រព័ន្ធនេះឡើងក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវក្នុងទីក្រុង។ កាប៊ីនរបស់ Halfgrid អាចដឹកមនុស្ស និងទំនិញ ដែលនេះនឹងជួយកាត់បន្ថយចំនួនរថយន្តដឹកទំនិញនៅកណ្ដាលទីក្រុង។ វាក៏ជួយកាត់បន្ថយសំឡេងរំខាន និងផ្ដល់សុវត្ថិភាពដល់ស្ត្រី និងជនពិការ ក៏ដូចជាអ្នកមានចំណូលទាប៕