ក្នុងបីឆ្នាំទៀត Foxconn នឹងវិនិយោគសរុបជិតមួយពាន់លានដុល្លារអាម៉េរិកដើម្បីពង្រីកការផលិតរថយន្តអគ្គិសនី និងថ្មផ្ទុកអគ្គិសនីនៅតៃវ៉ាន់ នេះបើយោងតាម Reuters។
ក្រោយពីមានកិច្ចព្រមព្រៀងជាមួយ Lordstown Motors ក្រុមហ៊ុនតៃវ៉ាន់ Foxconn ក៏ចាប់ផ្ដើមពង្រីកកិច្ចសន្យាផលិតរថយន្តអគ្គិសនីនៅរដ្ឋ Ohio (សហរដ្ឋអាម៉េរិក) ហើយថ្មីៗនេះ ពួកគេក៏ពង្រីកវិសាលភាពនៃផលិតផលរបស់ខ្លួនទៅលើត្រាក់ទ័រអគ្គិសនី ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា Foxconn ភ្លេចស្រុកកំណើតឡើយ។
យោងតាម Reuters ក្នុងបីឆ្នាំទៀត Foxconn នឹងវិនិយោគសរុប 820 លានដុល្លារអាម៉េរិកដើម្បីពង្រីកការផលិតរថយន្តអគ្គិសនី និងថ្មផ្ទុកអគ្គិសនីនៅតៃវ៉ាន់ ដែលជាស្រុកកំណើតរបស់ក្រុមហ៊ុននេះ។
Foxconn គឺជាអ្នកផលិតគ្រឿងបន្លាស់អេឡិចត្រូនិកធំជាងគេលើពិភពលោក និងជាអ្នកដំឡើងទូរស័ព្ទ iPhone ប្រមាណ 70% នៅទូទាំងសកលោក។ បច្ចុប្បន្ន ក្រុមហ៊ុនតៃវ៉ាន់មួយនេះកំពុងមានមហិច្ឆតាធំនៅក្នុងទីផ្សាររថយន្តអគ្គិសនី ក្នុងពេលកំពុងប្រឹងប្រែងរកវិធីធ្វើពិពិធកម្មផលិតផល និងប្រភពចំណូលរបស់ខ្លួន។